ឯកឧត្តម រដ្ឋមន្រ្តី វង សូត៖ ទូតគុយបា បង្ហាញគោលបំណងម៉ឺងងម៉ាត់ ក្នុងកិច្ចសហការលើវិស័យសង្គមកិច្ចនៅកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បានបង្ហាញពីគោលបំណង ក្នុងការរួមកិច្ចសហការ ជាមួយកម្ពុជា លើវិស័យសង្គមកិច្ច ដើម្បីបង្កើនមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ លីវកា រ៉ូឌ្រីហ្គេស បារាស (Liurka Rodriquez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា។

ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចកម្ពុជា ដែលត្រូវជាគម្រប់ខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោកជំទាវ លីវកា រ៉ូឌ្រីហ្គេស បារាស បានលើកឡើងក្នុងរយៈពេល៦០ឆ្នាំ មកនេះ គុយបា និងកម្ពុជាគឺជាមិត្តល្អជាមួយគ្នា តែងមានទំនាក់ទំនងល្អនឹងគ្នា និងសម្រេចបានសមិទ្ធផលរួមគ្នាជាច្រើន។

ជុំវិញគោលជំហររបស់ស្ថានទូតគុយបានេះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានបង្ហាញភាពសប្បាយរីករាយ និងអរគុណចំពោះគោលបំណង របស់ស្ថានទូតគុយបាផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩នេះ ក្រសួងសង្គមកិច្ចមានកាតព្វកិច្ចជាច្រើន ត្រូវបំពេញ ជាពិសេសគឺការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺ កូវីដ១៩នេះ។

ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានបញ្ជាក់ថា នេះជាកិច្ចការដ៏ធំមួយ ព្រោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បានជួយសម្រួលជីវភាពរស់នៅរបស់គ្រួសារក្រីក្រជាច្រើន ដោយបច្ចុប្បន្នមានគ្រួសារក្រីក្រប្រមាណ ៧០ម៉ឺនគ្រួសារកំពុងទទួលបានអត្ថប្រយោជន៍។ ជុំវិញការផ្ដល់សាច់ប្រាក់នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់រហូតដល់ដំណាច់ឆ្នាំ ២០២០នេះផងដែរ។

បន្ថែមពីលើនេះ លោកជំទាវ លីវកា រ៉ូឌ្រីហ្គេស បារាស បានឲ្យដឹងថា ក្រៅពីវិស័យអប់រំ និងវិស័យសុខាភិបាល ដែលមានកិច្ចសហការួមគ្នា គុយបា នឹងស្វះស្វែងរកកិច្ចសហការលើវិស័យ សង្គមកិច្ច រួមទាំងវិស័យដទៃផ្សេងទៀតជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

ក្នុងជំនួបដដែលនេះ លោកជជំទាវ ក៏បានកោតសសើរកម្ពុជា ចំពោះវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាការជួយដល់ប្រជាពលរដ្ឋ
ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩នេះផងដែរ។ លោកជជំទាវ បានបញ្ជាក់ថា សម្រាប់ការបំពេញការងារ និងការរស់នៅកម្ពុជាក្នុងបរិបទជំងឺកូវីដ១៩នេះ សម្រាប់គ្រួសារលោកស្រី គឺមានភាពកក់ក្ដៅ និងមានសុខសុវត្ថិភាពជាធម្មតា៕