លោក លី សុភា បានជម្រុញអោយក្រុមការងារផ្នែកវិស័យ វាស់វែងដីធ្លីពន្លឿនបន្ថែមទៀតក្នុងការចុះបញ្ជីដីធ្លីនិងបំរើ សេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា


កំពង់ឆ្នាំង : លោក លី សុភា ប្រធានមន្ទីររៀបចំដែននគររូបណីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យដីធ្លីខេត្តកំពង់ឆ្នាំង បានជម្រុញមន្រ្តីគ្រប់គ្រងតំបន់វិនិច្ឆ័យត្រូវពន្លឿនបន្ថែមទៀតក្នុងការចុះបញ្ជីដីធ្លីនិងបំរើសេវា ជាពិសេសចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

លោក លី សុភា បានជម្រុញបែបនេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ
នៅភូមិ តាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។ក្នុងពិធីនេះផងដែរមានការអញ្ជើញចូលរួមរបស់លោក សូត្រ សង់ អភិបាលស្តីទីស្រុកទឹកផុស តំណាងមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមការ
ងារគ្រប់គ្រងតំបន់វិនិច្ឆ័យ ព្រមទាំង តំណាងធានាគារឯកជន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន ១២៥ នាក់ផងដែរ ។

លោក លី សុភា បានប្រសាសន៍ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំង លោកដែលតែងតែគិតគូរពី សុខ
ទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ ។

លោក លី សុភា បានមានប្រសាសន៍បន្តថាៈ ការបិទផ្សាយ
ជាលក្ខណៈប្រព័ន្ធក្នុងពេលនេះមានសារៈសំខាន់ណាស់ សម្រាប់អោយបងប្អូនធ្វើការផ្ទៀងផ្ទាត់នូវឈ្មោះ រូបរាងបញ្ចីក្បាលដី ហើយការបិទផ្សាយពេលនេះមានរយៈពេល១៥ថ្ងៃដោយមិនគិតពីថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិឡើយ ។

លោកប លី សុភា បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដើម្បីអោយដំណើរការពិនិត្យទិន្នន័យកាន់តែលឿនសូមបងប្អូនយកភ្ជាប់មកជាមួយនូវឯកសារដូចជា ប័ណ្ណសំគាល់ក្បាលដីចេញដោយក្រុមគ្រប់គ្រងនៅតំបន់វិនិច្ឆ័យ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារមកជាមួយ ប្រសិនបើការពិនិត្យទៅមានការខុសឈ្មោះឬរូបរាងក្បាលដីអាចមានសិទ្ធិ ប្តឹងតវ៉ាកែតម្រូវក្នុងរយៈពេលនៃការបិទផ្សាយរបស់ក្រុមការងារដែលនៅប្រចាំការទីនោះស្រាប់ ។

លោក លី សុភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ
ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យ
ជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង។សូមចូលរួមគោរពច្បាប់និងរួមគ្នាថែរក្សាសុខសន្តិភាពមានបច្ចុប្បន្នអោយនៅគង់វង្ស។

តាមរបាយការណ៍របស់ លោក សុខ សម្បត្តិ ប្រធានផ្នែកគ្រប់គ្រងតំបន់វិនិច្ឆ័យ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស នៃការបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធនៅក្នុងភូមិតាំងក្រសាំង ដោយបានកំណត់ព្រំ និងវិនិច្ឆ័យភូមិ សរុបមានចំនួន ១៥៣៤ ក្បាលដី ក្នុងនោះដីកសិកម្មចំនួន ១៤២២ក្បាលដី ដីលំនៅដ្ធានចំនួន ១០៩ ក្បាលដី ក្រៅពីនោះដីទួលកប់ខ្មោច ដីទួលអ្នកតា និងដីសាលាឆទាន ៕