ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញដឹកនាំវេទិកាសាធារណៈជាមួយអាជ្ញាធរមូលដ្ឋានឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង


(ស្វាយរៀង)៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងនាមលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំធ្មា និងដឹកនាំវេទិកាសាធារណៈ ជាមួយក្រុមប្រឹក្សាឃុំ មេភូមិ និងមន្រ្តីរាជការ ជុំវិញ ឃុំធ្មា ទាំងអស់។

វេទិកានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ទេព កល្យាណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំធ្មា និងសមាជិក មន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលស្រុករំដួល ក្រុមប្រឹក្សាស្រុករំដួល មេភូមិ និងតំណាងប្រជាពលរដ្ឋផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពី សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះក្រុមប្រឹក្សាឃុំ មេភូមិ និងមន្រ្តីរាជការ ក្នុងឃុំធ្មាទាំងអស់ ព្រមទាំងបានណែនាំអោយក្រុមប្រឹក្សាឃុំ និងមេភូមិ បន្តយកចិត្តទុកដាក់បន្ថែម បម្រើប្រជាពលរដ្ឋ និងដោះស្រាយរាល់កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋអោយទាន់ពេលវេលា ជាពិសេស បន្តការកសាងភាពស្និទ្ធស្នាល និងស្អាតស្អំរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ អោយកាន់តែជិតស្និទ្ធបន្ថែមទៀត និងពោរពេញដោយការគោរពស្រឡាញ់។

ជាមួយគ្នានេះ កង្វល់ និងសំណូម ប្រជាពលរដ្ឋមួយចំនួនក្នុងឃុំ ដែលក្រុមប្រឹក្សាឃុំ និងមេភូមិ បានលើកឡើងក្នុងវេទិកានេះ ត្រូវបានបកស្រាយ និងដោះស្រាយយ៉ាងច្បាស់លាស់ ដោយមន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងទទួលបានការអបអរសាទរពីមេភូមិ និងតំណាងប្រជាពលរដ្ឋផងដែរ។

ឆ្លើយតបនឹងសំណូមពររបស់ ក្រុមប្រឹក្សាឃុំ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដោះស្រាយ ផ្តល់ជូនសាលាឃុំធ្មានូវសម្ភារការិយាល័យ មួយចំនួន សម្រាប់បំពេញការងារប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាឃុំធ្មា ដើម្បីពន្លឿនប្រសិទ្ធភាពការងារ និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕