សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង និងកម្មវិធីវិនិយោគសង្កាត់ ថ្នាក់ក្រុង


ព្រះសីហនុ ៖លោក ឈិន សេងងួន អភិបាលរងខេត្ត និងឯកឧត្ដម ហេង ស៊ឺ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង និងកម្មវិធីវិនិយោគសង្កាត់ ថ្នាក់ក្រុង ដោយមានការចូលរួមពីឯកឧត្តម លោកជុំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានស្ថាប័នមន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង តំណាងអង្គការជាតិ អន្តរជាតិ សប្បុរសជន ចៅ សង្កាត់ ជំទប់ និងសមាជិកអង្គសិក្ខាសាលា នៅសាលាខេត្តព្រះសីហនុព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

 

លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងមានប្រសាសន៍ថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១- ២០២៣) របស់រដ្ឋបាលក្រុង និងរដ្ឋបាល សង្កាត់ ក្រុងកោះរ៉ុង រៀបចំស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងសេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ និងការកសាង ផែនការវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ផ្អែកតាមផែនការអភិវឌ្ឍរយៈពេល៥ ឆ្នាំ(២០២០-២០២៤ ) នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងកោះរ៉ុង ឆ្លើយតបតាមតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ កម្មវិធីវិនិយោគត្រូវបានអនុវត្តន៍នូវគោលការណ៍សំខាន់ៗរួមមាន៖ ១.ការចែករំលែកព័ត៌មាន។ ២.មានសង្គតិភាព និងសុខដុមនីយកម្ម។ ៤.មានការចូលរួមពិគ្រោះយោបល់ជាទូទៅ ។ ៥.មានការឆ្លើយតបនឹងតម្រូវការ ។ ៦.មានគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ។ ៧.មានប្រសិទ្ធភាព និងសុក្រឹតភាពសេដ្ឋកិច្ច និងសង្គម ។ ៨.មានចីរភាពធនធានធម្មជាតិ និងបរិស្ថាន។ ៩.មានសមធម៌ ។

​លោក នួន ប៊ុនថុល បន្តថា គម្រោងក្រុងកោះរ៉ុង លើកជូនអង្គសិក្ខាសាលាមាន ៤១គម្រោង ក្នុងនោះ ១-ផ្នែកសេដ្ឋកិច្ចមាន១០គម្រោង។២-ផ្នែកសង្គមកិច្ចមាន៦គម្រោង។ ៣-ផ្នែកប្រើប្រាស់ដីធ្លីមាន និងគ្រប់គ្រងធនធានធម្មជាតិ បរិស្ថានគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រប្រួលអាកាសធាតុមាន ១៤គម្រោង។ ៤-ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមាន១១គម្រោង ។ គម្រោងសកម្មភាពសង្កាត់ទាំងពីរលើកជូនក្នុងអង្គសិក្ខាសាលាមាន ១៣៣ គម្រោងក្នុងនោះ ១-ផ្នែកសេដ្ឋកិច្ចមាន ១៥គម្រោង។ ២.ផ្នែកសង្គមកិច្ចមាន ៤៨គម្រោង។ ៣.ផ្នែកធនធានធម្មជាតិ និងបរិស្ថានមាន ៤៤គម្រោង។ ៤-ផ្នែករដ្ឋបាលនិងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈមាន ២៦គម្រោង ។

​លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុងកោះរ៉ុង ដើម្បីធានាឱ្យមានសង្គតិភាពរវាងកម្មវិធីវិនិ យោគបីឆ្នាំរំកិល (២០២១- ២០២៣) របស់រដ្ឋបាលខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលក្រុង និងសង្កាត់កោះរ៉ុង ជាសកម្មភាពមួយមានការចូលរួមពីស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ដែលកំពុងប្រតិបត្តិការនៅតាមក្រុង សង្កាត់គោលដៅ ជួយគាំទ្រគម្រោង ឬសកម្មភាពរបស់ក្រុង និងសង្កាត់តាមគោលការណ៍លក្ខណៈវិនិច្ឆ័យ និងគោលនយោបាយអភិវឌ្ឍន៍របស់ស្ថាប័ននី មួយៗ សម្រាប់ស្វែងរកប្រភពមូលនិធិជួយគាំទ្រគម្រោងវិនិយោគជាអាទិភាពរបស់ក្រុង និងសង្កាត់គោលដៅ រួមចំណែកអភិវឌ្ឍលើគ្រប់វិស័យតម្រូវការចាំបាច់ដល់ការលើកស្ទួយជីវ ភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបានរួមចំណែកអនុវត្តន៍ឱ្យបានសម្រេចនូវផែនការអភិវឌ្ឍរបស់រដ្ឋបាលក្រុង និងសង្កាត់តាមគោលការណ៍ណែនាំ ផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាក្រុង ៕