ឯកឧត្តម ឃួង ស្រេង ៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចហើយ ក្នុងកិច្ចការពារសន្តិសុខ និងសុវត្ថិភាពសំរាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ


(ភ្នំពេញ)៖ សម្រាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ដែលត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាល បានត្រៀមលក្ខណៈរួចរាល់ហើយ លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៃព្រះរាជពិធីនេះ។

នេះបើតាមការបង្ហាញឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា បញ្ហាសន្តិសុខ សុវត្ថិភាពនៅរាជធានីភ្នំពេញ យើងបានគិតគូរ និងវាយតម្លៃរួចហើយ គឺមិនមានអ្វីកើតឡើងនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏យើងនៅតែបង្ការទប់ស្កាត់ចំពោះឧបាយកលរបស់ជនអគតិមួយចំនួន ក្នុងការបំផ្លាញព្រះរាជពិធីបុណ្យឯករាជ្យជាតិនេះ។

ក្រៅពីមានវិធានការម៉ឺងម៉ាត់ទៅលើកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវរៀបចំសំអាត លាងផ្លូវលាបកំបោរនៅតាមដើមឈើជាមួយនឹងការសំអាតបរិស្ថាននៅជុំវិញកន្លែងពិធីផងដែរ។

លោក ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរ ជុំវិញវិធានការចំពោះមុខ ដើម្បីរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងព្រះរាជពិធីនេះ។ លោកបញ្ជាក់ថា ជុំវិញកន្លែងប្រារព្ធពិធី ផ្លូវមួយចំនួនយើងត្រូវការបិទជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍ឆ្លងកាត់ព្រះរាជពិធីនេះទេ ហើយការងារនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី៧ វិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា។

លោកបញ្ជាក់ថា យើងក៏មានដាក់គោលដៅ ដើម្បីឆែកឆេរអាវុធជាតិផ្ទុះនៅច្រកចេញ ចូលរាជធានីភ្នំពេញ និងដាក់គោលដៅឆែកឆេរអាវុធនៅតាមបណ្ដាខណ្ឌ ពាក់ព័ន្ធនៅជាប់ទីតាំងប្រារព្ធ ពិធីនេះផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ដំណើរការទៅដោយរលូន និងទទួលបាននូវភាពជោគជ័យ៕