ក្រុមប្រឹក្សាខេត្តក្រចេះ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី២ ក្នុងក្រុងក្រចេះ


ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី២ ឆ្នាំ២០២០ ក្នុងក្រុងក្រចេះ ក្រោមវត្តមាន ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ តំណាងអង្គការ សង្គមស៊ីវិល និងបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។
លោកជំទាវ ខាំ សុភាព អភិបាលរងខេត្តក្រចេះ មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ មានគោលបំណងដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក។ ក្រៅពីនោះ វេទិកានេះក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើង។
ឯកឧត្តម ហឿ សុយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានគូសបញ្ជាក់ថា÷ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានក្នុង ការអនុវត្តសកម្មភាពរយៈពេល១០ខែកន្លងមកនេះ ដើម្បីឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេសចង់ដឹងពីបញ្ហាប្រឈម ក្តីកង្វល់របស់ប្រជាពលរដ្ឋ ក្នុងក្រុងក្រចេះ ហើយផ្តល់ឪកាសឲ្យប្រជាពលរដ្ឋ ដែលបានចូលរួមបានបញ្ចេញមតិកង្វល់សំណូមពរ បញ្ហាប្រឈមប្រចាំថ្ងៃដែលពួកគាត់ចង់ឲ្យអាជ្ញាធរដែនដីជួយដោះស្រាយ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បញ្ជាក់ដែរថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នាបានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានឆ្លើយតបនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លើសពីនេះទៀតនោះ តាមរយៈការសម្របសម្រួលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួម របស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ក្នុងការលើកឡើងជាសំណើ សំណូមពរ កង្វល់ និងទំនាស់។ អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានឆ្លើយតប និងបកស្រាយបំភ្លឺ និងសំណូមពររបស់ពលរដ្ឋដែលចោទសួរមានចំនួន ០៨សំនួរ ដោះស្រាយភ្លាមៗ បានចំនួន០៦ និងសំណូមពរដែលនៅសេសសល់ នឹងត្រូវបានយកទៅពិភាក្សា ដោះស្រាយ នៅពេលក្រោយ ទៅតាមប្រភេទ រដ្ឋបាលនីមួយៗ។
សូមបញ្ជាក់ថា អនុវត្តន៍តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ២១៦ អនក្រ.បក ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងារ របស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ក្រុមប្រឹក្សា គណៈអភិបាលស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅតាមក្រុង ស្រុក ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ។ ដូចគ្នានោះដែរ ក្រុមប្រឹក្សាក្រុង ស្រុក ក៏ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅតាមឃុំ សង្កាត់នានា ក្នុងអំឡុងខែមិថុនា នៃឆ្នាំនីមួយៗ ផងដែរ៕