រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុប្រឹក្សាខេត្ត


កំពង់ធំ ៖នៅព្រឹកថ្ងៃ៥រោច ខែកត្តិកឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកាឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ធំបានបើកកិច្ចប្រជុំលើកទី១៧ អណ្ណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប្រាក់ សារ៉ាត់ អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ។

 

ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តកំពង់ធំ លើកទី១៧ អាណត្តិទី៣ មាន របៀបវារៈចំនួន ៤ រួមមាន៖ ១- ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត។ ២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ។ ៣- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។៤- បញ្ហាផ្សេង ។

បន្ទាប់ពីឯកឧត្តម ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្ត លើកយករបៀបវារៈទាំងបួនខាងលើនេះ ដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នា ដោយអនុម័តយល់ព្រម ពីប្រធាន និងសមា ជិកក្រុមប្រឹក្សាខេត្ត ដោយការលើកដៃយល់ព្រមរួចមក ឯកឧត្តម ក៏បានធ្វើការវាយតម្លៃ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ទីរអង្គភាពក្នុងខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមមន្ទីរអង្គភាពនីមួយៗតាមតួនាទីភារកិច្ចដែលអនុវត្តន៍ការងារកន្លងមកទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម បន្ដទៀតថា សូមឱ្យមន្ទីរអង្គភាពទាំងអស់ប្រញាប់ផ្ញើរបាយការណ៍ឱ្យបានមុនខែ ដើម្បីឱ្យរដ្ឋបាលខេត្តដាក់បញ្ចូលជាឯកសារ និងបែងចែកតួនាទី ភារកិច្ចកិច្ចក្នុងការពិនិត្យរបាយការណ៍ប្រចាំខែឱ្យមានលក្ខណៈល្អប្រសើរ។

ឯកឧត្តម ដៀប ពិរី បានបញ្ជាក់ថា នាពេលខាងមុខនេះ រដ្ឋបាលខេត្តប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថែរក្សាសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អ។ ម្យ៉ាងវិញទៀតចំពោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដើម្បីឱ្យប្រជាពលរដ្ឋបានដឹងច្បាស់លាស់ អំពីបញ្ហាការជួញដូរគ្រឿងញៀន បញ្ហាអំពើហិង្សាក្នុងគ្រួសារ បញ្ហាការរំលោភបំពានផ្សេងៗ និងការប្រែប្រួលអាកាសធាតុផងដែរ៕