រាជរដ្ឋាភិបាលផ្តល់ស្រូវពូជ ១០តោន ជូនដល់កសិកររងគ្រោះដោយទឹកជំនន់នៅស្រុកក្រឡាញ់


សៀមរាប ៖ពូជស្រូវសែនក្រអូប និងOM៥៤.៥១ ចំនួន១០តោន ត្រូវបានឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំមន្ទីរ និងអាជ្ញាធរដែនដី បានដឹកយកទៅចែកជូនបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១០០គ្រួសារ មកពី៣ឃុំ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីរសៀលថ្ងៃ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលទីតាំងចែកពូជស្រូវនោះត្រូវបានធ្វើឡើងនៅបរិវេណសាលាឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដោយក្នុង១គ្រួសារៗទទួលបាន ១០០គីឡូក្រាម។

ក្នុងពិធីចែកស្រូវពូជនោះ ឯកឧត្តម នាក់ ណេរ៉ុន បានមានប្រសាសន៍ថា ស្រូវពូជទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហើយប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងសម្ដែងការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទាំងអស់។ឯកឧត្ត មបានបញ្ជាក់ថា កន្លែងខ្លះសម្ដេចបានចុះទៅផ្ទាល់ និងកន្លែងខ្លះទៀតសម្ដេចបានចាត់តាំងឱ្យក្រុមការងាររបស់សម្ដេច និងឱ្យអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមជួយសង្គ្រោះនិងរំដោះបងប្អូនប្រជាពលរដ្ឋ ឱ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារឱ្យបានគ្រប់គ្រាន់ ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។

ឯកឧត្តម នាក់ ណេរ៉ុន ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម ដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សាបាននូវសន្តិសុខស្បៀងអាហារ ជូនប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ។

ឯកឧត្តមក៏បានសំណូមពរ និងណែនាំដល់ប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះទៅបង្កបង្កើនផលក្នុងការស្តារឡើងវិញ និងសូមបងប្អូនត្រូវមានការអធ្យាស្រ័យឱ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រពដំណាំស្រូវរបស់បងប្អូនផងដែរ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ការខូចខាតដោយគ្រោះធម្មជាតិទឹកជំនន់នៅស្រុកក្រឡាញ់នេះ មានចំនួន៤ឃុំ ស្មើ៩ភូមិ មាន២៥៦គ្រួសារ លើផ្ទៃដី២១០ហិកតា និងដំណាំរួមផំ្សចំនួន២០ហិកតា។ លោកក៏បានឱ្យដឹងផងដែរថា នៅទូទាំងខេត្តសៀមរាបមានផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០នេះ ចំនួន១៨៦.៣០០ហិកតា ក្នុងនោះរងផលប៉ះពាល់ដោយសារទឹកជំនន់សរុប១២.៨៨៣ហិកតា លើ៩ក្រុង.ស្រុក មានប្រជាកសិកររងគ្រោះ ១១.១៣១គ្រួសារ  និងខូចខាតស្រូវប្រាំងសរុប២០៣ហិកតា ស្មើ៤១៤គ្រួសារ៕