ខេត្តកំពង់ធំប្រារព្ធមិទ្ទីងអបអរសាទរបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា ឆ្នាំ២០២០


កំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំប្រារព្ធមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ ០៩ វិច្ឆិកា ២០២០) និងថ្ងៃកំណើតកងយោធពលខេមរៈភូមិន្ទ ព្រឹកថ្ងៃ៩រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានឯករាជខេត្តកំពង់ធំ។

ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្ត មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែនជាច្រើននាក់ផងដែរ ។

នៅក្នុងឱកាសនៃពិធីប្រារពមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា នោះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញដាក់កម្រងផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងរម្លឹកដល់គុណូបការៈយុទ្ធជន យុទ្ធនារីអ្នកស្នេហាជាតិ ដែលបានពលិជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិឱ្យរួចផុតពីរបបអាណានិគមបារាំង និងរម្លឹកគុណដល់កុលបុត្រ កុលធីតា កងកម្លាំងប្រដាប់អាវុធនៃកងយោធពលខេមរៈភូមិន្ទ នៅគ្រប់ជំនាន់ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗជាប្រវត្តិសាស្រ្ត របស់ប្រទេសជាតិ រួមមាន ការតស៊ូដណ្ដើមឯករាជ្យ ការពុះពារឆ្លងកាត់នៃដំណាក់កាលសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពតពិសេសលើមូលដ្ឋានជ័យជម្នះ ៧មករា១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ។

ឯកឧត្តម សុខ លូ បានថ្លែងបញ្ជាក់ថា ដើម្បីបន្តគំរូវីរភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ សូមកងកម្លាំងប្រដាប់អាវុធទាំងអស់ ពិសេសកងយោធពលខេមរភូមិន្ទ សូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្ដាប់ធ្នាប់ថែរក្សារាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថេរយូរអង្វែង រួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានរីកចម្រើនរុងរឿង និងឯករាជ្យ សន្តិភាព ស្ថិរភាព និងរួបរួមក្នុងមហាសាមគ្គីដ៏ទូលំទូលាយដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រា មសោធនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាល។

ឯកឧត្តមអភិបាលខេត្តបានសូមឧទ្ទិសនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងចំពោះវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិគ្រប់ជំនាន់និងសូមថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួនប្រកបដោយស្មារតីពលិកម្មដ៏ឧត្តុង្គឧត្តម ចាប់តាំងពីពេលកសាងឡើងនូវឯករាជ្យជាតិនាថ្ងៃ ៩វិច្ឆិកា ១៩៥៣ រហូតដល់បច្ចុប្បន្ននេះ៕