អគារសិក្សា១ខ្នង នៅឃុំស្វាយជ្រះ ស្រុកស្នួល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ


ក្រចេះ ៖ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០  អគារសិក្សា១ខ្នង មាន ៣បន្ទប់ ស្ថិតនៅក្នុងសាលាបឋមសិក្សាបត់សុក្រំ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ។

លោក វិន សុខេង អភិបាលរងស្រុកស្នួល ខេត្តក្រចេះបានឱ្យដឹងថា អគារសិក្សាថ្មី ១ខ្នង ៣បន្ទប់ នៃសាលាបឋមសិក្សាបត់សុក្រំនេះជាអំណោយរបស់សប្បុរសធម៌ជប៉ុនតាម រយៈអង្គការTDO ជំនួសសាលាចាស់ទ្រុឌទ្រោម ត្រូវបានរុះរើចេញតាមការស្នើសុំពីមាតា បិតាសិស្សតាមរយៈអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង បានបញ្ជាក់ថា សាលារៀនគឺជាមូលដ្ឋានគ្រឹះ តែមួយគត់នៃការអភិវឌ្ឍសង្គមជាតិ។ ឯកឧត្ដមបញ្ជាក់ទៀតថា គ្មានអ្នកណាម្នាក់អាចរីក ចម្រើនទៅបាន ដោយគ្មានការរៀនសូត្រនោះទេ ដូច្នេះចំណេះ ដឹងគឺសម្រាប់ធ្វើការអភិវឌ្ឍ ដល់ខ្លួនឯង ក្រុមគ្រួសារនិងសង្គមជាតិផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការពន្យល់អំពី ចំណុចមួយចំនួននៃវិធីសាស្រ្តក្នុងការអប់រំ ដូចជាតាមរយៈ ឪពុកម្ដាយ ឬអាណាព្យាបាល ដោយមិនត្រូវពឹងផ្អែកទាំងស្រុងតែទៅលើសាលារៀន និងលោកគ្រូ អ្នកគ្រូនោះទេ។  មាតា បិតា មានកាតព្វកិច្ចសំខាន់ និងចាំបាច់ក្នុងការជួយ និងផ្ដល់ឱកាសដល់កូនចៅរបស់ខ្លួន ឱ្យបានទៅសិក្សារៀនសូត្រគ្រប់ៗគ្នាយ៉ាងតិច បំផុតត្រឹមថ្នាក់ទី៩។

ឯកឧត្ដមបណ្ឌិត ស៊ាង ប៊ុនលាង ក៏បានបញ្ជាក់ឱ្យដឹងពីការប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ពិសេសសម្តេចអគ្គមហា សេនាបតី ហ៊ុន សែន ដែលបានដឹកនាំប្រទេសជម្នះ គ្រប់ឧបសគ្គ បព្ចាប់សង្គ្រាម និងដណ្ដើមបានជោគជ័យជាច្រើនទាំងក្របខ័ណ្ឌជាតិ និង អន្តរជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិមានការរីក ចម្រើនលើគ្រប់វិស័យ៕