ឯកឧត្តម ជាវ តាយ ទទួលអំណោយសប្បុរសធម៌ពីអង្គការសមាគម ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះនៅក្នុងខេត្តកំពត


កំពត៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពចំណុះសាលាខេត្ត   បានទទួលអំណោយសប្បុរសធម៌ពីគណៈប្រតិភូនៃអង្គការសមាគម ដើម្បីយកទៅជួយដល់ ប្រជាពលរដ្ឋរងគ្រោះនៅក្នុងខេត្តកំពត។

ឯកឧត្តម ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈប្រតិភូ នៃសប្បុរសជន បានបញ្ជាក់ថា អំណោយដែលបាននាំយកមកប្រគល់ជូនដល់រដ្ឋបាល ខេត្តកំពតនាពេលនេះ គឺមានអង្ករចំនួន២៦០០គីឡូក្រាម និងមីចំនួន៥១កេស។ អំណោយ ទាំងអស់នេះបានមកពីការរួមបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងអង្គការសមាគមចំនួន១១ បច្ចុប្បន្ន បាន និងកំពុងបម្រើសកម្មភាពមនុស្សធម៌នៅកម្ពុជា និងពិសេសក្នុងខេត្តកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមខេត្ត បានថ្លែងអំណរគុណចំពោះអង្គការសមាគម និងសប្បុរសជនទាំងអស់ ដោយបានចាត់ទុកអំណោយទាំងអស់នេះ គឺជាកាយវិការវប្បធម៌ចែករំលែកដ៏ប្រពៃ ក្នុងការ ចូលរួមចំណែកជួយសម្រួលទុក្ខលំបាក ដើម្បីដោះស្រាយជាមួយរដ្ឋបាលខេត្តកំពត ក៏ដូចជារាជរដ្ឋាភិបាល ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ដោយគ្រោះធម្មជាតិ ឬឧប្បត្តិហេតុផ្សេងៗ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានបញ្ជាក់ផងដែរថា ជានិច្ចកាល រដ្ឋបាលខេត្ត ព្រមទាំងសាខាកាកបាទក្រហមខេត្តកំពត រមែងតែងតែបានយកចិត្តទុកដាក់ខ្ពស់ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការជួយ សង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិក្ដី ឬឧបទ្ទវហេតុផ្សេងៗក្ដី ដោយមិនប្រកាន់និន្នាការរើសអើងអ្វីឡើយ។ ជាសំខាន់នោះគឺការដោះស្រាយឱ្យ បានទាន់ពេលវេលាឆាប់រហ័ស មិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងការលំបាកខ្វះខាត និងស្លាប់ដោយអត់ស្បៀងអាហារឡើយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា អំណោយទាំងនេះ ឯកឧត្តមនឹងខិតខំយក ចិត្តទុកដាក់ ដើម្បីយកទៅប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តដែលជាអាជ្ញាធរ សាធារណៈសម្រាប់យកទៅចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះ និងងាយរង គ្រោះពិតប្រាកដ ឱ្យបានចំគោលដៅ និងមានប្រសិទ្ធភាពក្នុងខេត្តបន្តទៀត៕