ម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានអភិបាលខណ្ឌច្បារអំពៅ យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រតាមសហគមន៍នានាទូទាំងខណ្ឌ


(ភ្នំពេញ)៖ ម៉ាសចំនួន ៣ម៉ឺនបន្ទះ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានផ្តល់ជូនតាមរយៈសាលារាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងរស់នៅតាមបណ្តាសហគមន៍នានាទូទាំងខណ្ឌនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ចេង មុនីរ៉ា បានឱ្យដឹងថា ម៉ាសចំនួន ៣ម៉ឺនបន្ទះនេះគឺជាចំនួនបឋម បើចែកប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រមិនគ្រប់ទេ សាលារាជធានីភ្នំពេញនឹងបន្តផ្តល់ជូនទៀត។ នេះគឺជាប្រភេទម៉ាស សាច់ក្រណាត់ ដែលអាចបោកទឹកបាន និងប្រើប្រាស់បានយូរ ហើយការចែកជូននេះ ប្រជាពលរដ្ឋម្នាក់ទទួលបានម៉ាស២ សំរាប់ពាក់ផ្លាស់ប្តូរ។

លោកអភិលខណ្ឌបានបន្តថា «ការផ្តល់ជូនម៉ាសដល់ប្រជាពលរដ្ឋក្រីក្រនាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ពីសម្តេចតេជោ ហ៊ុន សែន លើការទប់ស្កាត់មិនអោយឆ្លងមេរោគកូវីដ១៩ មកលើប្រជាពលរដ្ឋកម្ពុជា»។

ឆ្លៀតនៅក្នុងឱកាសចែកជូនម៉ាសនេះ, លោក ចេង មុនីរ៉ា ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះអនាម័យខ្លួនប្រាណ, លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែលឲ្យបានញឹកញាប់, ពាក់ម៉ាសការពារឲ្យបានជាប់ជាប្រចាំ និងត្រូវកាត់បន្ថយរាល់ការជួបជុំណាដែលមានមនុស្សច្រើន ឬក៏ដើរកំសាន្តតាមទីសាធារណៈផ្សេងៗ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

ប្រមុខដឹកនាំកម្ពុជា ដែលតែងយកចិត្តទុកដាក់ចំពោះរាស្រ្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩៕