ឯកឧត្តម ហ៊ុន​ ម៉ាណែត​ ប្រកាសទទួលស្គាល់​ ក្រុមការងារយុវជន​ សកម្មជន​ និងសមជិកបក្ស


ស្ទឹងត្រែង៖ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារយុវជន ថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០១៧នេះ​ បានសំណេះសំណាល​ និងប្រកាសទទួលស្គាល់ក្រុមការងារយុវជន សកម្មជន សមាជិកគណបក្សប្រជាជនកម្ពុជានៅ ខេត្តស្ទឹងត្រែង។

ក្នុងនោះដែរ​ ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ បានអរគុណក្រុមការងារយុវជន សកម្មជន យុវជន ដែលបានចូលរួមដោយស្ម័គ្រចិត្ត ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះថា សម័យនេះយើងប្រកាន់របបប្រជាធិបតេយ្យ បងប្អូនយុវជនមានសិទ្ធិជ្រើសរើសគណបក្ស ដែលដែលមានគុណសម្បត្តិច្រើនជាងគេ និងជាបក្សខ្លួនស្រឡាញ់។

ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ បានមានប្រសាសន៍ថា​ ការចូលរួមជាសកម្មជន យុវជន សមាជិក របស់គណបក្សប្រជាជនកម្ពុជា គឺជាកិត្តិយសនិងមោទនភាព មានលក្ខណៈគ្រប់គ្រាន់ ទទួលស្គាល់និងផ្តល់ឱកាស ដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានស្នាដៃកសាងសមិទ្ធិផលច្រើនជាងគេ និងដឹកនាំប្រទេសបម្រើប្រជាជនច្រើនជាងគេ។ យុវជនបក្ស គឺកម្លាំងស្នូលនៅក្នុងការដើរតួនាទីបម្រើបក្ស ប្រជាជននិងប្រទេសជាតិគ្រប់ជំនាន់។ ជាក់ស្តែងយុវជនបក្សជំនាន់មុន បានលះបង់គ្រប់បែបយ៉ាង និងកសាងស្នាដៃជាច្រើន ដើម្បីឱកាសយុវជនជំនាន់ក្រោយ ដឹកនាំបន្ត និងកសាងស្នាដៃបន្ត សម្រាប់យុវជនជំនាន់ក្រោយៗទៀត។ ដូច្នេះយុវជនជំនាន់បក្ស ត្រូវមានមោទនភាពស្នាដៃរបស់បក្ស ព្រោះបក្សបានផ្តល់ក្តីសង្ឃឹម ឱកាស និងមានអ្វីគ្រប់បែបយ៉ាង ក៏បានដោយសារបក្ស។

ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា​ យុវជនទាំងអស់របស់បក្ស ត្រូវស្មោះត្រង់ចំពោះបក្ស ស្រឡាញ់បក្ស ធ្វើជាឃោសនិករបស់បក្ស ដើម្បីឱប្រជាជនឃើញស្នាដៃ និងគុណសម្បត្តិ ដើម្បីឱ្យប្រជាជនស្រឡាញ់ និងទទួលបានប្រៀបឈ្នះ ដើម្បីឱ្យបម្រើប្រជាជននិងប្រទេសជាតិ។ យុវជនបក្សត្រូវកសាងគុណធម៌ សីលធម៌ ធ្វើអំពើល្អនិងធ្វើជាគំរូបម្រើប្រជាជន និងប្រទេសជាតិ ព្រោះថា អត្តសញ្ញាណនិងសកម្មភាពល្អ គឺតំណាងឱ្យបក្ស។  ឱកាសដែលយុវជនជំនាន់ក្រោយទទួលបាន គឺសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ និងផ្តល់ក្តីសង្ឃឹមសម្រាប់យុវជន។ ដូច្នេះយុវជនត្រូវថែរក្សានូវឱកាស ស្នាដៃទាំងនេះ សម្រាប់យុវជនជំនាន់ក្រោយៗ៕