អភិបាលខេត្តបាត់ដំបង ចែកពូជបន្លែជូនប្រជាពលរដ្ឋ នៅស្រុកគាស់ក្រឡ


បាត់ដំបង ៖នៅថ្ងៃ១កើត ខែមិគសិរឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកពូជដំណាំបន្លែដល់ប្រជាពលរដ្ឋ ៧៥០គ្រួសារ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលួមពីឯកឧត្តម តំណាងក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុក តំណាងសប្បុរជន ក្រុមហ៊ុន និងអាជ្ញារ មូលដ្ឋានជាច្រើនរូបទៀត។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបាត់ដំបង បានផ្តល់ពូជស្រូវកន្លងមកថ្មីៗនេះចំនួន ១.០៥០តោន ចែកជូនប្រចាពលរដ្ឋចំនួន ១០.៥០០គ្រួសារផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ចំពោះទិន្នន័យប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់មានប្រមាណជាង ៧.០០០គ្រួសារ ហើយយើងបានចែកអំណោយដល់គ្រួសារក្រីក្រ គ្រួសាររងគ្រោះដោយសារទឹកជំនន់រហូតទៅដល់ជាង ១០ម៉ឺន ៥ពាន់គ្រួសារ។ ទាំងនេះស្តែងបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋខ្មែររបស់យើងចេះស្រឡាញ់គ្នា ជាពិសេសអ្នកមានធនធានបានធ្វើការចែករំលែកធនធានផ្ទាល់ខ្លួនរបស់គាត់ ដល់អ្នកដែលកំពុងជួបការលំបាកផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមទាំងអស់គ្នាក្នុងការពារខ្លួន ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស និងលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល ឱ្យបានញឹកញាប់ ហើយប្រសិនមានសាច់ញាតិមកពីក្រៅប្រទេស ត្រូវណែនាំគាត់ឱ្យធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១៤ថ្ងៃសិន ដើម្បីចៀសវាងការឆ្លងដោយប្រការណាមួយ ។ ពីព្រោះជំងឺកូវីដ-១៩ នេះកំពុងរាលត្បាតជាសកលហើយប្រទេសជិតខាងរបស់យើងក៏មានជំងឺនេះផងដែរ ៕