អគារសាលាសង្កាត់អូរឬស្សី និងសមិទ្ធផលមួយចំនួន ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ


(ក្រចេះ)៖ អគារសាលាសង្កាត់អូរឬស្សី និង សមិទ្ធផលនានា ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងមន្ត្រីរាជការ អ្នកពាក់ព័ន្ធទូទាំងខេត្ត និងប្រជាពលរដ្ឋសរុបប្រមាណជាង ៤០០នាក់។

លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឬស្សី បានលើកឡើងថា អគារសាលាសង្កាត់សាលប្រជុំ និងសមិទ្ធផលនានា ដូចជាផ្លូវបេតុង ផ្លូវលំជាច្រើនកន្លែង នៅក្នុងសង្កាត់អូរឬស្សី នៅចន្លោះ២ឆ្នាំចុងក្រោយ ទាំងគម្រោងសង្កាត់ និងរដ្ឋបាលខេត្តដែលមានការជួយជ្រោងជ្រែងពីលោកអភិបាលខេត្តធ្វើឱ្យសង្កាត់អូរឬស្សី មានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ជាពិសេសមានផ្លូវខ្វាត់ខ្វែង មណ្ឌលសុខភាព ផ្លូវបេតុង អគារអប់រំ អគាររដ្ឋបាល។

ជាក់ស្ដែងលោកអភិបាលខេត្តបានជួយសម្របសម្រួល ជួយជួសជុស និងសាងសង់ផ្លូវដីគ្រួសធម្មជាតិចំនួន ១២ខ្សែមានប្រវែង ៨,២៣៥ម៉ែត្រ និងលូចំនួន ១១កន្លែង នៅភូមិអូរឬស្សី១ អូរឬស្សី២ និងភូមិស្រែស្ដៅ (នៅឆ្នាំ២០១៩-២០២០) ហើយពេលនេះ កំពុងសាងសង់ផ្លូវ ពីភូមិកន្រ្ទីង ឆ្ពោះទៅរោងចក្រដំឡូងមី ផ្លូវអាស៊ានប្រមាណ ៥គីឡូម៉ែត្របន្តែមទៀត ដែលពីមុនពុំធ្លាប់មានហើយបានប្រែមុខមាត់ថ្មី មានការអភិវឌ្ឍជាហូហែ។ បន្ថែមពីនេះ សង្កាត់អូរឬស្សី បានសាងសង់ផ្លូវបេតុងអាមេប្រវែង ២៩៥ម៉ែត្រ និងទទឹង៦ម៉ែត្រ ដែលជាគម្រោងផ្លូវបេតុងលើកដំបូង នៅក្នុងសង្កាត់អូរឬស្សី។

ក្នុងពិធីនោះដែរ ឯកឧត្តម វ៉ា ថន បានកោតសសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ និងប្រជាពលរដ្ឋ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍សាងសង់អគាររដ្ឋបាលសង្កាត់ និងសមិទ្ធផលនានា ក្នុងសង្កាត់អូរឬស្សី។ ហើយនៅឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបានសម្រេចប្រើប្រាស់កញ្ចប់ថវិកា ថ្នាក់ក្រោមជាតិដើម្បីសាងសង់អគាររដ្ឋបាលសាលាសង្កាត់ចំនួន១ខ្នង អគារសាលប្រជុំសាលាសង្កាត់ចំនួន ១ខ្នង និងសមិទ្ធផលផ្សេងៗជាច្រើនទៀត។

ឯកឧត្តមបានបញ្ជាក់ថា សមិទ្ធផលអគារសាលាសង្កាត់អូរឬស្សី ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គឺជាសមិទ្ធផលថ្មីមួយ ដែលបានរួមចំណែក ក្នុងការផ្ដល់សេវាសង្គមជូនប្រជាពលរដ្ឋ ដោយផ្អែកតាមច្បាប់ស្ដីពីការគ្រប់គ្រង់ឃុំ សង្កាត់ ក្នុងតួនាទីបំរើភារកិច្ចមូលដ្ឋានសម្រាប់បម្រើផលប្រយោជន៍សង្កាត់ និងប្រជាពលរដ្ឋក្នុងសង្កាត់។

ឯកឧត្តម វ៉ា ថន ក៏ផ្ដាំផ្ញើឱ្យក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ថែរក្សា និងការពារនូវសមិទ្ធផល ដែលសម្រេចបាននាពេលកន្លងមក ដោយចូលរួមអោយបានសកម្មមោះមុត យកចិត្តទុកដាក់ និងខិតខំដោះស្រាយបញ្ហា ក្នុងមូលដ្ឋានសង្កាត់ឱ្យបានល្អប្រសើរ ជាពិសេសយកចិត្តទុកដាក់ថែរក្សាអនាម័យ ដោយការលាងសម្អាតដៃ ទឹកនិងអាល់កុល សាប៊ូ ពាក់ម៉ាស និងរក្សាគម្លាតសុវតិ្ថភាពសង្គម ដោយអនុវត្តតាមការណៃនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម សារុង ដល់ប្រជាពលរដ្ឋ និងប្រជាការពារចំនួន ៤៥០នាក់ ដោយក្នុង១នាក់ ទទួលបានសារុងមួយ និងសិស្សវិទ្យាល័យក្រុងក្រចេះចំនួន ៥០នាក់ ក្នុង១នាក់ទទួលបានថវិកា១ម៉ឺនរៀល ផងដែរ៕