អភិបាលខេត្តតាកែវ អញ្ជើញផ្ដល់ស្រូវពូជដល់ពលរដ្ឋចំនួន១៤៨គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកបាទី


តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និង លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការអញ្ជើញចូលរួមដោយលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី លោក លោកស្រី មន្រ្តីរាជការរដ្ឋបាលសាលស្រុក កម្លាំងទាំងបីប្រភេទ និងប្រជាពលរដ្ឋ បានអញ្ជើញផ្ដល់ជូនស្រូវពូជ ដល់ពលរដ្ឋ ចំនួន ២ឃុំ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីពេលថ្មីៗនេះ ចំនួន១៤៨គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ប្រភេទស្រូវពូជស្រាល មិនប្រកាន់រដូវ ចំនួន៥០គីឡូក្រាម។
មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ដល់ពូជស្រូវ ដល់ពលរដ្ឋចំនួន ៤៩០គ្រួសារ ស្មើនឹង ចំនួន៣៩០០០គីឡូក្រាម ដល់បងប្អូនកសិករ ក្នុងស្រុកចំនួន ៣នៃខេត្តតាកែវ។ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានមានប្រសាសន៍បន្ត ដោយចូលរួមសោកស្តាយចំពោះការប៉ះពាល់ទៅដល់ទ្រព្បសម្បត្តិនឹងខូចខាតផលដំណាំនឹងស្រូវរបស់បងប្អូនប្រជាពលរដ្ឋកន្លងមកដោយសារតែទឹកជំនន់។ ស្ថិតក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ហាដល់ក្រសួងកសិកម្មត្រូវបញ្ជេញស្រូវពូជ សម្រាប់ចែកជូន ទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង អោយបានទាន់ពេលវេលា ក្រោយពីទឹកបានចាប់ផ្តើមស្រក ពោលគឺរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំនឹងក្រើនរំលឹកបន្ថែមទៀត ទៅដល់បងប្អូនប្រជាកសិករ សូមបន្តប្រុងប្រយ័ត្ននឹងយកចិត្តទុកដាក់ថែរក្សាសុខភាព និងមានអនាម័យជានិច្ច ពិសេសគឺពាក់ម៉ាស់ និងមានអាគុលឬជែលជាប់ខ្លួនគ្រប់ពេល ហើយរួមគ្នាអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលអោយបានល្អ ដើម្បីរួមគ្នាទប់ស្កាត់នឹងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីតដ១៩ កុំអោយមានការរីករាលដាលដល់សហគមន៍របស់យើង។
សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពីលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ បានបញ្ជាក់ថា នៅក្នុងអំឡុងពេលជំនន់ទឹកភ្លៀងរយៈពេលកន្លងមក ខេត្តតាកែវ ទទួលរងផលប៉ះពាល់ផ្ទៃដី ស្រែវស្សា និងស្រែប្រាំងរបស់កសិករចំនួន ៣២៥៧ហិកតា នឹងខូចខាតទាំងស្រុងចំនួន ៤៤៣ហិកតា ក្នុងនោះមានស្រុកចំនួន៥ដែលរងផលប៉ះពាល់ និងខូចខាត៕