អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពផ្លូវ និងផ្ទះប្រជាពលរដ្ឋ​ដែលរងគ្រោះខ្លាំងដោយជំនន់ទឹកភ្លៀងនៅស្រុកមង្គលបូរី


​ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី អមដំណើរដោយលោកអភិបាលស្រុក ​ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញ ចុះពិនិត្យមើលស្ថានភាពផ្លូវ និងស្រង់ទិន្នន័យជាក់ស្តែងផ្ទះសម្បែងប្រជាពលរដ្ឋ រងគ្រោះខ្លាំង ដោយសារគ្រោះជំនន់ទឹកភ្លៀងកាលពីខែតុលាកន្លងមកនេះ នៅក្នុងឃុំបត់ត្រង់ និងឃុំឫស្សី ក្រោក ស្រុក​មង្គលបូរី ដើម្បីជួយជួសជុល និងរៀបចំផ្ទះសម្បែងឱ្យបានល្អ ប្រសើរឡើងវិញ ជូនដល់​​ពួកគាត់ ​ក្រោយពីទឹកជំនន់បានស្រកចុះហើយនោះ។

 

ក្នុងឱកាសនោះឯកឧត្តមបានចុះពិនិត្យដល់ផ្ទះបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលទទួល រងគ្រោះ និងខូចខាតខ្លាំងហើយគ្រោងនឹងជួសជុលជាបន្ទាន់ឡើងវិញ នោះមានចំនួន ០៩ខ្នង ក្នុងនោះ ឃុំបត់ត្រង់ចំនួន ០៥ខ្នង និងភូមិនាងកេត ឃុំឫស្សីក្រោក ០៤ខ្នង។ នៅទីនោះ​ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតរបស់បងប្អូនប្រជាពលរដ្ឋ​ដែលរងការខូចខាតដោយសារការបំផ្លិចបំផ្លាញពីគ្រោះមហន្តរាយ នៃគ្រោះធម្មជាតិជំនន់ទឹក​ភ្លៀងកន្លងមកនេះ។

ជាមួយនោះដែរអភិបាលខេត្តបន្ទាយមានជ័យបានលើកទឹកចិត្ត ជំរុញឱ្យ​ប្រជាពលរដ្ឋ យើងទាំងអស់ត្រូវជំនះគ្រប់ឧបសគ្គតស៊ូព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រី ឡើងវិញបន្ទាប់ពីទឹកស្រកចុះផងដែរ។

ឯកឧត្តមក៏នូវបានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យជាប់ ជានិច្ច ដើម្បីជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗពិសេសជំងឺកូវីដ១៩ដែលយើង ទាំងអស់គ្នា ត្រូវរួមគ្នាទប់ស្កាត់នោះ។ បន្ថែមពីនេះបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានដាច់ខាតត្រូវ បង្ក្រាបរាល់បទល្មើសនានា ពិសេសបញ្ហាគ្រឿងញៀនឱ្យខាងតែបាន ព្រោះវាជាប្រភព បំផ្លាញនូវធនធានមនុស្សយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។​ ត្រូវបន្តការយក ចិត្តទុក ដាក់ចុះពិនិត្យ មើលក្តាប់​ឱ្យជាប់នូវបញ្ហារបស់ប្រជាពលរដ្ឋដែលជួបការលំបាកក្រោយ ពីជំនន់ទឹកភ្លៀង ស្រកចុះដើម្បីបន្តធ្វើការដោះស្រាយបំពេញតម្រូវការរបស់ពួកគាត់ក្នុង មូលដ្ឋានឱ្យបាន លឿននិងមានប្រសិទ្ធភាពខ្ពស់៕