កិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារបច្ចេកទេស ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត ត្រីមាសទី៣


កំពង់ធំ ៖ នៅថ្ងៃ៣កើត ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក លន់ សាយតេង ប្រធាននាយកដ្ឋានសុខភាព នៃក្រសួងអភិវឌ្ឍន៍ជនបទ និងលោក តាន់ វាសនា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារបច្ចេកទេស ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត(PWGS) ត្រីមាសទី៣ ។

 

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍ផ្សេងៗនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ។

ក្នុងកិច្ចប្រជុំនោះលោក តាន់ វាសនា បានបង្ហាញពីគោលបំណងគឺដើម្បីឆ្លុះអញ្ចាំងការងារដែលបានអនុវត្តន៍ នូវកម្មវិធីលើកកម្ពស់អនាម័យជនបទ សម្រាប់រយៈពេល៩ខែ ឆ្នាំ២០២០ និងទិសដៅបន្តឆ្នាំ២០២១។អង្គប្រជុំបានការពិភាក្សាស្វែងរកបញ្ហាដែលកើតឡើង នៅសហគមន៍ និងស្វែងរកដំណោះស្រាយ។ ពង្រឹងកិច្ចសហការប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យទឹកស្អាត និងអនាម័យជនបទ។

លោក លន់ សាយតេង ប្រធាននាយកដ្ឋានសុខភាព នៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងពី ស្ថានភាពបច្ចុប្បន្នអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យក្នុងខេត្តកំពង់ធំ មានភាពល្អប្រសើរជាងមុន ជាលទ្ធផលការងារសម្រេចបានរបស់កម្មវិធីលើកកម្ពស់ អនាម័យជនបទជំហាន២។

​ការចុះផ្សព្វផ្សាយនៅតាមសហគមន៍ដល់ជនបង្គោលភូមិ-ឃុំ ស្ដីពីការគ្រប់គ្រងអនាម័យ ពេលមានរដូវទឹកជំនន់ និងការផ្លាស់ប្ដូរឥរិយាបថតាមការប្រាស្រ័យទាក់ទង និងចែកជូនសាប៊ូលាងដៃដល់ស្ត្រី គ្រួសាររងគ្រោះនៅក្នុងភូមិ។ ដើម្បីលើកកម្ពស់ការប្រើប្រាស់បង្គន់អនាម័យ ការលាងដៃនឹងសាប៊ូ និងការផឹកទឹកសុវត្ថិភាព គឺសំដៅសម្រេចបានសេវាប្រកបដោយសមភាព។ លោកក៏បានអំពាវនាវដល់អង្គការដៃគូអភិវឌ្ឍន៍ត្រូវរៀបចំផែនការដាក់បញ្ចូលថវិកាវិនិយោគឃុំ លើទឹកស្អាត និងអនាម័យប្រចាំឆ្នាំ។ ត្រូវលើកទឹកចិត្តដល់ស្ត្រីគ្រួសារងាយរងគ្រោះចូលរួមធ្វើការក្នុងសកម្មភាពទឹកស្អាត និងអនាម័យ។ រៀបចំផែនការសកម្មភាពអនុវត្តន៍សម្រាប់ឆ្នាំ២០២១ ស្តីពីការងារទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ធ្វើផែនការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល៕