ដំណឹង​ល្អ ! មន្ត្រី​រាជការ​ទាំង​អស់​នឹង​ត្រូវ​​​បើក​ប្រាក់​បៀវត្ស​​ បូក​ទាំង​ប្រាក់​ឧបត្ថម្ភ​មុន​ថ្ងៃ​ទី​ ១០ ​


​​ជា​ថ្មី​ម្ដង​ទៀត សម្ដេច​​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ មហាវិថី​សម្ដេច​តេជោ (ហៅផ្លូវ​ ៦០​ម៉ែត្រ​) ​ថា មន្ត្រី​រាជការ​ទាំង​អស់​ដែល​បាន​ដំឡើង​ប្រាក់​បៀវត្ស​គិត​ចាប់​ពី​ថ្ងៃ​ទី​ ០១ ខែ​មេសា ឆ្នាំ ២០១៧​នេះ​ទៅ នឹង​ត្រូវ​បើក​ឱ្យ​បាន​មុន​ថ្ងៃ​ទី ១០ ​ហើយ​បូក​ទាំង​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ៥០,០០០​រៀល​ផង​ដែរ​។

សម្ដេច​ហ៊ុន​ សែន ថ្លែង​បន្ត​ទៀត​ថា ​ប្រាក់​បៀវត្ស​ដែល​ដំឡើង​រួច បូក​ទាំង​ប្រាក់​ឧបត្ថម្ភ​ផង​នោះ ត្រូវ​ធ្វើ​យ៉ាង​បើក​ឱ្យ​បាន​មុន​ថ្ងៃ​ទី ១០ ធ្វើ​យ៉ាង​ណា​ដើម្បី​ធានា​ក្នុង​ពិធី​បុណ្យ​ឆ្នាំ​ខាង​មុខ​នេះ មន្រ្តី​រាជការ​ទាំង​អស់​មាន​ប្រាក់​ចាយ​គ្រប់​គ្រាន់​។ ​ចំពោះ​ប្រាក់​ឧបត្ថម្ភ​នេះ សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ៧​លាន​ដុល្លារ​ឯណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រាក់​ខែ​មន្ត្រី​រាជការ​ស៊ីវិល នឹង​​ឡើង​ដល់​ ៨៥​៣ ៥០០​ រៀល មិន​ទាន់​បញ្ចូល​ប្រាក់​ផ្សេង​ទៀត។ ចំពោះ​គ្រូ​បង្រៀន ប្រាក់​បៀវត្ស​ចាស់​គឺ ៨០​០ ៥០០​រៀល ហើយ​គិត​ត្រឹម​ខែ​មករា កន្លង​ទៅ​នេះ​ឡើង​ដល់​ ៨៥​៣ ០៥០​រៀល​ នេះ​គឺ​ជា​ប្រាក់​ខែ​ទាប​បំផុត ហើយ​មក​ដល់​ខែ​មេសា ខាង​មុខ​នេះ​នឹង​ឡើង​ដល់ ៩៥​៣ ៥០០​រៀល។ ដូច្នេះ​គ្រូ​បង្រៀន ប្រាក់​ខែ​កើន​ជាង​ ១៥​ម៉ឺន​រៀល ហើយ​នៅ​បូក​បន្ថែម​ចំពោះ​ប្រាក់​តំបន់​ ចំនួន ៨ម៉ឺន ទៅ​ដល់​១០​ម៉ឺន​រៀល​ទៀត​។

ចំពោះ​នគរ​បាល​ជាតិ​ពល​បាល​ត្រី​​វិញ ​ប្រាក់​បៀវត្ស​កើន​ដល់​ ៩៣​០ ៩៧៧​រៀល​ ដោយ​គិត​ទាំង​របប​អង្ករ​។ ចំណែក​ឯ ខាង​កង​ទ័ព​​​ពល​ទោ​វិញ នឹង​ឡើង​ដល់ ៨៨​០ ៩៧៧​រៀល​ ដោយ​មិន​គិត​របប​អង្ករ​នោះ​ទេ​៕