វិញ្ញាសា៤យ៉ាង ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកណ្ដាប់ដៃវីរបុរសខ្មែរ សម្ដេចតេជោ សែន


(ភ្នំពេញ)៖ «កម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ» គឺជាប្រសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅជាទីបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកម្ពុជាកំពុងស្ថិតនៅក្នុងបរិបទ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

កម្ពុជា ពិតជាមានសំណាងដ៏ធំធេង មិនអាចវាស់វែងបានឡើយ ដែលមានប្រមុខដឹកនាំប្រទេស ដែលមានសមត្ថភាពអច្ឆិរយៈ ប្រកបដោយបេះដូងមនុស្សធំមពិតៗ មានទស្សនវិស័យត្រឹមត្រូវ ភាពម៉ឺងម៉ាត់ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ព្រមទាំងការគោរពស្រឡាញ់ និងការយកចិត្តទុកដាក់ជាទីបំផុត លើសុខភាពប្រជាជនទូទៅ ដែលធ្វើឱ្យប្រទេសកម្ពុជាមិនទាន់មានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ និងមិនទាន់មានអ្នកស្លាប់ ដោយសារជំងឺមួយនេះ រហូតមកទល់ពេលនេះនៅឡើយ។

នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្ពុជា បានឆ្លងកាត់នូវដំណាក់កាលស្មុគស្មាញដែលមាន ហានិភ័យខ្ពស់នៃការចម្លងវីរុសកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ចំនួន៤ព្រឹត្តិការណ៍ធំៗ គឺ៖

១៖ ព្រឹត្តិការណ៍នៃការវិលត្រឡប់របស់បងប្អូនពលករកម្ពុជា ចូលមកក្នុងប្រទេសនៅពេល ដែលកំពុងតែមានការរាតត្បាតខ្លាំង នៅបណ្ដាប្រទេសក្នុងតំបន់ និងនៅលើសាកលលោក
២៖ ព្រឹត្តិការណ៍នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ
៣៖ ការគ្រប់គ្រងអ្នកដំណើរមកពីក្រៅប្រទេស ក្នុងពេលដែលមានការគិតគូរ ដោយយកចិត្តទុកដាក់ក្នុងការ សម្រួលឱ្យបងប្អូនខ្មែរ ដែលជាប់គាំងនៅក្រៅប្រទេស អាចបានវិលត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញ និងតម្រូវការនៃអ្នកដំណើរផ្សេងៗទៀត ចូលមកកាន់កម្ពុជា
៤៖ ព្រឹត្តិការណ៍៣វិច្ឆិកា កន្លងទៅនេះ។

ហេតុការណ៍ទាំងនេះ បានឆ្លុះបញ្ចាំងច្បាស់ណាស់ថា សម្ដេចតេជោ ហ៊ុន សែន ពិតជាកុលបុត្រខ្មែរដ៏ឆ្នើម និងពិតជាប្រមុខដឹកនាំដ៏ខ្លាំងក្លា ដែលមិនអាចខ្វះបានរបស់កម្ពុជាជារៀងរហូត ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ បើមានសម្ដេចតេជោ ហ៊ុន សែន គឺកម្ពុជាឈ្នះ និងជម្នះបាននូវអ្វីៗទាំងអស់ មិនថាសត្រូវអត់ស្រមោលវីរុសកូវីដ-១៩ ទឹកជំនន់ ឬក៏ឧបសគ្គធំប៉ុណ្ណាក៏ដោយ។

ជាក់ស្តែង នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅកម្ពុជា ជាពិសេសតាមរយៈការដោះស្រាយ នូវវិញ្ញាសាដ៏ស្មុគស្មាញទាំង៤ខាងលើ និយាយជាទូទៅ និងនិយាយដោយឡែក វិញ្ញាសា «នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកម្ពុជា» និង «ព្រឹត្តិការណ៍ ៣វិច្ឆិកា» បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសតូចតាចមួយនេះ ក្រោមកណ្ដាប់ដៃដែកថែបរបស់ សម្ដេចតេជោ ហ៊ុន សែន គឺពិតជាមានសមត្ថភាពពេញលេញ ក្នុងការគ្រប់គ្រងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ បានទាន់ពេលវេលាប្រកប ដោយប្រសិទ្ធភាពល្អប្រសើរជាទីបំផុត ដែលធ្វើឱ្យប្រជាជនកម្ពុជា អាចចៀសផុតបាននូវការចម្លងក្នុងលក្ខណៈទ្រង់ទ្រាយធំ ហើយមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែបេះដូងមនុស្សធម៌ដ៏ពិតប្រាកដ បង្កប់ដោយអត្ថន័យគោរពសិទ្ធិមនុស្ស ក្នុងការជួយដល់អ្នកដំណើរជាប់គាំង ក្នុងនាវាខ្នាតយក្ស និងការផ្តល់ជាជំនួយសម្ភារៈ និងបរិក្ខាពេទ្យ ជួយដល់ប្រជាជនឡាវ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកនេះ បានបង្ហាញដល់សាធារណមតិ បណ្ដាប្រទេសនានា និង ពិភពលោកទាំងមូលថា កម្រមានប្រទេសណា ដែលគ្រប់គ្រងស្ថានការណ៍បានរហ័ស លឿនទាន់ពេលវេលា និងកាត់ផ្តាច់បាននូវខ្សែចម្លងវីរុសកូវីដ-១៩ នៅក្នុង ប្រទេសបានឆាប់ និងល្អប្រសើរ ដូចមេដឹកនាំកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នោះទេ។

ប្រទេសកម្ពុជាតូចតាចពិតមែន តែចិត្តទូលាយ ដែលមនុស្សគ្រប់រូប និងគ្រប់ជាតិសាសន៍អាចជ្រកកោនរស់នៅ ក្រោមការដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ ប្រជាជនកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសង្គ្រោះប្រទេសជាតិ បានរួចចេញផុតពីសង្គ្រាមរ៉ាំរៃ និងពីសង្គ្រាមអត់សមោលនៃសត្រូវកូវីដ-១៩ ដែលធ្វើឱ្យប្រជាជនទូទៅ បានវិលត្រឡប់មករស់នៅសភាពធម្មតា តាមបែបគន្លងថ្មីនៃបរិបទបន្តប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ។

គុណបំណាច់ដ៏ធំធេងនេះ គឺប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយ និងសូមគោរពជូនពរ សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចៅប្រុស ចៅស្រី ទាំងអស់មានសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ស្ថិតនៅក្នុងបេះដូងប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ជារៀតរហូតតទៅ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

ប្រជាជនកម្ពុជា ក៏សូមថ្លែងអំណរគុណដល់កងទ័ពអាវសទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត សម្រុកទៅមុខ ក្នុងការជួយពិនិត្យព្យាបាលជំងឺកូវីដ-១៩ និងការរុករកស្រាវជ្រាវរកអ្នកដែលប៉ះពាល់ រហូតទទួលបានលទ្ធផលល្អប្រសើរនេះផងដែរ ដែលជាការបង្ហាញថា កម្ពុជាមានមេដឹកនាំល្អ ពូកែ និងខ្លាំង ហើយក៏មានកូនទាហាន ប្រតិបត្តិល្អ រហ័ស និងប្រកបដោយសក្តានុពល វិជ្ជាជីវៈពិតប្រាកដ ក្នុងការប្រយុទ្ធជាមួយសត្រូវអត់ស្រមោលកូវីដ-១៩ នេះផងដែរ៕

ដោយ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល