ក្រុមការងារចម្រុះចំនួន០២ខេត្ត បានចុះពិនិត្យសំណង់ស្ទាក់ទឹកព្រែកតាកុច


នៅថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមានសមាសភាពចម្រុះចំនួន០២ខេត្ត ៖ មានខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានចុះពិនិត្យសំណង់ស្ទាក់ទឹកព្រែកតាកុច មានទីតាំងនៅឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ដើម្បីពិនិត្យ និងមានដំណោះស្រាយពីបញ្ហាទឹកលិចផ្ទៃដីបង្កបង្កើនផលស្រូវនៅក្នុងខេត្តក្រចេះ ដែលសមាសភាពចូលរួមមាន ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តត្បូងឃ្មុំ ឯកឧត្តម ឆាន់ សុផាន់ រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ និងជាប្រធានមុខព្រួញទទួលបន្ទុកខេត្តក្រចេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ លោក មុឹង សុខលាត អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក យា វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ និងលោក ហេង រត្ន័ម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ជាច្រើនរូបទៀត បានធ្វើការចុះពិនិត្យស្ថានភាពជាក់ស្តែងមានដូចខាងក្រោម ៖
-ពិនិត្យស្ថានភាពលំហូរទឹកនៅទីតាំងសំណង់ស្ទាក់ទឹកព្រែកតាកុច
-ចុះពិនិត្យទីតាំងផ្ទៃដីបង្កបង្កើនផលកំពុងលិចទឹកនៅឃុំខ្សាច់អណ្តែត និងឃុំពង្រ ក្នុងស្រុកឆ្លូងខេត្តក្រចេះ មានផ្ទៃដីប្រមាណជា១.០០០ហិកតា
-ចុះពិនិត្យលំហូរនៃផ្លូវទឹកនៅតាមបណ្តោយព្រែកត្រង់ចំណុចព្រែកកង្ហារ និងចំណុចស្ពានព្រែកជីក
ក្រោយពីចុះពិនិត្យស្ថានភាពជាក់ស្តែង និងមានការជួបប្រជុំពិភាក្សារួចមកបានឯកភាពដូចខាងក្រោម ៖
១-រក្សាទុកលំហូរនៃផ្លូវទឹកនៅសំណង់ស្ទាក់ទឹកព្រែកតាកុចនៅដដែល ដោយមិនមានបញ្ហាស្ទះផ្លូវទឹកលិចផ្ទៃដីបង្កបង្កើនផលនៅខេត្តក្រចេះនោះទេ
២-ការត្រួតពិនិត្យលំហូរផ្លូវទឹកនៅតាមផ្លូវទឹកមួយចំនួនពិនិត្យឃើញថា មានទីតាំព្រែកទួលថ្ងាន់គោករាក់បន្តិចជាហេតុស្ទះផ្លូវទឹក
៣-ក្រុមការងារខាងខេត្តក្រចេះសំណូមពរឲ្យមានការស្តារព្រែកទួលថ្ងាន មានប្រវែង១.៥០០ម៉ែត្រ ដើម្បីពន្លឿនចរន្តទឹកហូរ មានទីតាំង នៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៕