ឯកឧត្តមរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ប្រាប់អំពីដំណើរការបើកសាលារៀនឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកាតទៅ ជាមួយនឹងវិធានការពារដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩


(ភ្នំពេញ)៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរៀបចំនូវសន្និសីទសារព័ត៌មានមួយ ស្ដីពីការបើកដំណើរការសាលារៀន បើកស្តារអូឡាំពិកឡើងវិញ និងស្ថានភាពផ្សេងទៀតរបស់វិស័យអប់រំ ក្រោយកម្ពុជាបិទបញ្ចប់បានដោយជោគជ័យ នូវព្រឹត្តិការណ៍៣វិច្ឆិកា។

ឯកឧត្តមរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ដោយមានការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន នឹងត្រូវបើកដំណើរការឡើងវិញទាំងអស់ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ ប៉ុន្ដែត្រូវបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារ របស់ក្រសួងសុខាភិបាល ដើម្បីបន្ដទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ក្នុងសន្និសីទនេះ ឯកឧត្តមរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានឲ្យដឹងដែរថា ក្រសួងនៅតែរក្សាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដដែល។ ឯកឧត្តមរដ្ឋមន្ដ្រី បន្ដថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារ នៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់អាណាព្យាបាល ពិសេសសិស្សានុសិស្ស សូមកុំមានការរើសអើងកម្រិតគុណភាពសញ្ញាបត្រ ដោយមិនត្រូវប្រៀបធៀបគ្នារវាងសញ្ញាបត្រ នៅពេលមិនទាន់មានកូវីដ-១៩ និងសញ្ញាបត្រ ពេលកំពុងមានជំងឺកូវីដ-១៩នោះទេ ពោលកាលៈទេសៈទាំងពីរនេះ គឺគុណភាពសញ្ញាបត្រមានតម្លៃស្មើគ្នា។

ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួងអប់រំ បានសង្កត់ធ្ងន់ថា សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ គឺក្រសួងនៅរក្សាស្ថានភាពបន្ដរឹងបន្ដឹងលើការប្រឡងដើម្បីពង្រឹងគុណភាពអប់រំដដែល។

គួរជម្រាបថា ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ចូលសហគមន៍ ពាក់ព័ន្ធព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ក្រសួងអប់រំ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសផ្អាកដំណើរការសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ។ ជាមួយគ្នានេះ ស្តាតអូឡាំពិក ក៏ត្រូវប្រកាសបិទជាបណ្តោះអាសន្នផងដែរ។ តែនៅពេលនេះ ក្រសួងប្រកាសបើកឡើងវិញដូចធម្មតា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈសារសំឡេងពិសេសមួយ បានប្រកាសអនុញ្ញាតឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ បើកសាលារៀន បើកពហុកីឡដ្ឋានជាតិអូរឡាំពិក បើកសារមន្ទីរ និងរោងភាពយន្តឡើងវិញហើយ តែត្រូវប្រកាន់ខ្ជាប់តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លង និងរីករាលដាលជំងឺកូវីដ១៩៕