រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ចុះពិនិត្យអគារថ្មីមន្ទីរព័ត៌មានខេត្តកំពត និងចុះពិនិត្យស្ថានីយ​វិទ្យុ ទូរទស្សន៍នៅលើភ្នំបូកគោ


កំពត៖ ក្នុងឱកាសចុះបំបេញបេសកកម្មការងារនៅខេត្តកំពត ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ រួមដំណើរ ដោយថ្នាក់ដឹកនាំ មួយចំនួនក្រោមឱវាទបាន​អញ្ជើញ​ចុះពិនិត្យអគារថ្មីមន្ទីរព័ត៌មានខេត្តកំពត បន្ទាប់មកក៏បានអញ្ជើញទៅពិនិត្យមើល​អគារ​​ស្ថានីយផ្សាយបន្ត វិទ្យុ និងទូរទស្សន៍ នៅលើភ្នំ​បូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់ប្រធានមន្ទីរព័ត៌មានខេត្តកំពតបានឱ្យដឹងថា អគារមន្ទីរថ្មីនេះ ត្រូវ​​បានកសាងឡើង ដើម្បីបំពេញបន្ថែម កន្លែងឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ មាន ការិយាល័យ​ល្អ សម្រាប់បំពេញកិច្ចការងារ និងមានបន្ទប់ប្រជុំធំទូលាយងាយស្រួលជួបប្រជុំ និងធ្វើកិច្ច​ការងារ កាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរឡើងថែមទៀត។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរព័ត៌មាន ខេត្តកំពត សរុបមានចំនួន ៣៧ នាក់ ដោយបានបែង ចែក​ភារកិច្ចការងារតាមជំនាញ ក្នុងនោះ ការងារវិទ្យុ ផ្សាយតាមរលកធាតុអាកាសគឺស្ថានីយ វិទ្យុ ៩ មករា FM 99.70 MHz ហើយមន្ទីរក៏បានធ្វើការផ្សាយសាកល្បង ទូរទស្សន៍អនឡាញ ក្នុង១​ថ្ងៃ ៧ ម៉ោង។ ក្រៅពីការផ្សព្វផ្សាយក្នុងខេត្ត មន្ទីរក៏បានផ្ញើអត្ថបទ រូបភាព ទៅផ្សាយ នៅ​ស្ថានីយ​ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងបណ្តាប្រព័ន្ធផ្សព្វផ្សាយ ឯកជន ផងដែរ។ សម្រាប់ការងារផ្សព្វផ្សាយនេះដែរ មន្ទីរក៏មានការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា បាន​​ផ្សាយព័ត៌មានជាច្រើន ព្រមទាំងបង្ហោះតាមប្រព័ន្ធ Facebook Page របស់មន្ទីរថែមទៀត ផង​ដែរ។ សម្រាប់ខេត្តកំពត មានវិទ្យុ ផ្សាយផ្ទាល់ចំនួន ៦ ស្ថានីយវិទ្យុផ្សាយបន្ត ៤ ស្ថានីយ ទូរទស្សន៍​ផ្សាយបន្ត ៥ និងទូរទស្សន៍ ខ្សែកាប ៦ ស្ថានីយ។ សម្រាប់ជាទិសដៅបន្តទៅ​មុខ​ទៀត មន្ទីរព័ត៌មានខេត្តកំពត បន្តយកចិត្តទុកដាក់ប្រមូលព័ត៌មាន និងសហការប្រមូល ព័ត៌​មានពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាកជាតិ និងថ្នាក់ក្រោមជាតិ ផ្តោតលើព័ត៌មានទាន់​ហេតុ​ការណ៍ គោលនយោបាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ចំណេះដឹងគ្រប់ ប្រភេទដើម្បី​ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។

ដោយឡែកសម្រាប់អគារស្ថានីយ វិទ្យុ និងទូរទស្សន៍ ខេត្តកំពត នេះត្រូវបាន​កសាង​ឡើងតាំងពីកំឡុងឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្តែរហូតមកដលពេលនេះ មានសភាពចាស់ទ្រុឌ​ទ្រោម​ទៅហើយ ដែលទាមទារធ្វើការជួសជុលកែលម្អ ជាថ្មីឡើងវិញ អាចដាក់សម្ភារ ម៉ាស៊ីន​ផ្សាយបាន។ ដូច្នេះ ការដែលឯកឧត្តម រដ្ឋមន្រ្តី និងមន្រ្តីជំនាញ បច្ចេកទេស និងផ្នែកសំណង់ មកកាន់ទីតាំងនេះ ដើម្បីធ្វើការពិនិត្យលើកគម្រោងចំណាយ ក្នុងការជួសជុលកែលម្អឡើងវិញ នៅលើទីតាំងចាស់ ដែលមានកម្ពស់ខ្ពស់ ហើយមានសារៈសំខាន់ ដែលអាចធ្វើការផ្សព្វផ្សាយ គ្របដណ្តប់ តាមបណ្តាខេត្តជាប់សមុទ្រ និងតាមបណ្តាភាគ និរតី នៃប្រទេស។ អគារនេះ ក្នុង​ដំណើរកសាងឡើងវិញមានរយៈពេលវែង ដោយសារបញ្ហាអាកាសធាតុ និងការងារសំណង់​ស្ថិតក្នុងផែនការ។ ដោយសារតែត្រូវពិនិត្យលើការកសាងឡើងវិញ ទើបឯកឧត្តមរដ្ឋមន្រ្តី និងមន្រ្តី​ពាក់ព័ន្ធបានអញ្ជើញមកពិនិត្យផ្ទាល់ ដើម្បី​ធ្វើការពន្លឿនកិច្ចការងារ ជួសជុលអគារ​ឡើងវិញ ស្របជាមួយនឹងដំណើរការនៃ គោលនយោ​បាយ ឌីជីថល របស់ក្រសួងព័ត៌មាន ដែលបានដាក់ចេញក្នុងគម្រោងចន្លោះឆ្នាំ ២០២១ រហូតដល់ឆ្នាំ២០២៣។ ជាមួយគ្នានេះ ចំពោះ​ទីតាំងចំណុចនៅលើភ្នំបូកគោនេះ ក៏ជាគោល​ដៅមួយ នៃបង្គោលអង់តែន សម្រាប់​ថ្នាល វិទ្យុ និងទូរទស្សន៍ឌីជីថល នេះផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ទីតាំងនៅលើភ្នំបូកគោនេះ មាន លក្ខណ: អំណោយផលល្អ សម្រាប់ដាក់ស្ថានីយផ្សាយបន្តវិទ្យុជាតិFM ៩៦ វិទ្យុ FM វត្តភ្នំ វិទ្យុ FM ខេត្តកំពត និងទូរទស្សន៍ជាតិកម្ពុជា ផ្សាយបន្ត ដែលអាចផ្សាយបានទៅកាន់តំបន់ ឆ្ងាយៗ ពិសេសសម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកមើលឃើញ និងស្តាប់បានពីការផ្សាយ របស់​វិទ្យុ និងទូរទស្សន៍អំពីដំណឹង និងព័ត៌មានថ្មីៗ ទាន់ហេតុការណ៍។ ឯកឧត្ដមរដ្ឋមន្រ្ដីបាន​គូសបញ្ជាក់ថា អ្វីដែលសំខាន់គឺការផ្សាយព្យាករណ៍អាកាសធាតុ សម្រាប់អ្នកនេសាទ​នៅ​សមុទ្របានដឹងចៀ​សពីឧបទ្ទវហេតុផ្សេងៗដែលកើតមាន។ ជាមួយគ្នានេះដែរ ក្នុងគម្រោង​នៃការសាងសង់អគារនេះ ក៏ទុកសម្រាប់ឱ្យមន្ត្រីក្រសួងព័ត៌មាន មកលេងកម្សាន្ត និងស្នាក់នៅ ផងដែរ។

សម្រាប់គម្រោងនៃការកសាង និងជួសជុលអគារ ដែលបំរើដល់ការងារផ្សព្វផ្សាយ អោយបានច្រើនកន្លែង ដោយហេតុថា ពី១ថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមាន កិច្ចការងារជាច្រើនដែលត្រូវបំពេញ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាអោយ វិស័យព័ត៌មាន និងសោតទស្សន៏កាន់តែរីកចម្រើន ស្របតាមការវិវត្តន៏នៃបច្ចេកវិទ្យាព័ត៌មាន វិទ្យា និងស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន៕