អភិបាលខេត្តកំពត ទទួលស្វាគមន៍គណៈប្រតិភូរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ


កំពត ៖ នៅព្រឹកថ្ងៃទី២៣  ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ អភិបាលខេត្ត ទទួលស្វាគមន៍គណៈប្រតិភូអគ្គស្នងការនគរបាលជាតិ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដោយផ្តោតសំខាន់លើ បេសកកម្ម ត្រួតពិនិត្យ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម តាមបណ្តាខេត្តជាប់ព្រំដែនសមុទ្រ។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានជម្រាបអំពីគោលបំណង បេសកកម្ម និងបទពិសោធន៍ ដែលបានអនុវត្តន៍កន្លងមកក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ជូនឯកឧត្តមអភិបាលខេត្ត។ ក្នុងឱកាសនោះដែរ លោកក៏បានមានប្រសាសន៍ណែនាំ ក៏ដូចជា កិច្ចសហការពី លោកអភិបាលខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបេសកកម្មរបស់ គណៈប្រតិភូទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ជាវ តាយ បានជម្រាបអំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខសណ្តាប់ធ្នាប់និង ស្ថានភាពនយោបាយក្នុងខេត្តដែលបានកើតមានកន្លងមក និងការអនុវត្តការងាររបស់ រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តជូនគណៈប្រតិភូ។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ និងលោក ឌី វិជ្ជា ដែលបានខិតខំ លើការងារបំពេញបេសកកម្មនេះ ដែលជាចលករមួយជួយជំរុញ និងពង្រឹងប្រសិទ្ធភាព ក្នុងការងារកំណត់មុខសញ្ញាឈានទៅបង្ក្រាបបទល្មើសចំមុខសញ្ញា។

ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់គណៈប្រតិភូទាំងអស់ឱ្យបំពេញបេសក កម្មនេះ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕