រដ្ឋបាលខេត្តតាកែវ រៀបចំវេទិកាពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក និងឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក


តាកែវ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាវេទិកាស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក និងឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក របស់ខេត្តតាកែវ នៅសាលប្រជុំសាលាខេត្ត ដោយមានអញ្ជើញ ចូលរួមដោយ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង ស្រុក ក្រុង លោក លោកស្រី ប្រធាន និងសមាជិកក្រុមប្រឹក្សា ស្រុក ក្រុង ឃុំ សង្កាត់ និងតំណាងអង្គការសង្គមស៊ីវិល ជាច្រើនកុះករ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា សិក្ខាសាលានេះ មានគោលបំណងដើម្បីបង្ហាញពីដំណើរការនៃការកសាង សារៈសំខាន់ និងការគ្រប់គ្រង ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដល់ថ្នាក់ដឹកនាំខេត្ត ដូចជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលស្រុក ក្រុង ក្រុមប្រឹក្សាស្រុក ក្រុង និងអ្នកពាក់ព័ន្ធផ្សេងៗ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្រោយពីសិក្ខសាលានេះចប់ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ពន្ធទាំងអស់ បានយល់ពីសារៈសំខាន់ និងដំណើរការនៃការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងបានយល់កាន់តែច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមក្នុងដំណើការនៃការរៀបចំនេះ ព្រមទាំងចូលរួមគ្រប់សកម្មភាព ក្នុងជំហាននីមួយៗ ក្នុងការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបន្ថែមទៀតថា ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ជាំងនូវចក្ខុវិស័យអភិវឌ្ឍន៍ ឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋានជាក់ស្តែង និងប្រសិទ្ធិភាពខ្ពស់ លុះត្រាតែមានការចូលរូមយ៉ាងទូលំទូលាយ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីអ្នកពាក់ពន្ធ័ក្នុងខេត្តទាំងគ្នា៕