កម្ពុជាលើកយកភាពជោគជ័យ លើការគ្រប់គ្រង ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩ ប្រាប់វេទិកាអាស៊ានចិន លើកទី៣


(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមវេទិកាអាស៊ានចិន លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។

ក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានលើកយកពីភាពជោគជ័យ លើការគ្រប់គ្រងទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងប្រាប់វេទិកាអាស៊ានចិន លើកទី៣។ កម្ពុជា ក៏ប្រកាសគាំទ្រចិន ដែលបានឆ្លើយតបបានទាន់ពេលវេលា ក្នុងការឆ្លើយតបជាសកលទៅនឹងជំងឺកូវីដ-១៩ ផងដែរ។

សាធារណរដ្ឋប្រជាមានិតចិន តែងតែរៀបចំវេទិកានេះ ជាទៀងទាត់រៀងរាល់ពីរឆ្នាំម្តង នៅទីក្រុងណាននីង ខេត្តក្វាងស៊ី តែដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ វេទិកាឆ្នាំនេះ ត្រូវបានរៀបចំតាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដែលមានការចូលរួមពីរដ្ឋមន្រ្តីសុខាភិបាល ប្រទេសសមាជិកអាស៊ានទាំង១០ និងរដ្ឋមន្រ្តីនៃគណៈកម្មាធិការសុខាភិបាលចិន និងប្រតិភូអម។

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ ចំណេះដឹង ព្រមទាំងកំណត់អាទិភាពនៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ានចិន ជាពិសេសប្រធានបទឆ្នាំ២០២០នេះ ផ្តោតលើ «ការប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកជាផ្លូវការនៃវេទិកា អាស៊ានចិនលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល ដោយបានចែករំលែកនូវបទពិសោធន៍សំខាន់ៗបួន ចំណុចមានខ្លឹមសារដូចតទៅ៖

ទី១៖ ការប្តេជាចិត្តផ្នែកនយោបាយ និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាល ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសតូចតែមានបេះដូងទូលាយ៖ ការគ្រប់គ្រងព្រឹត្តិការណ៍ទទួលឱ្យនាវាទេសចរណ៍ វ៉ែស្ទ័រដាម (Westerdam Cruise Ship) ចូលចតនៅព្រះរាជាណាចក្រកម្ពុជា នាខែកុម្ភៈ ឆ្នាំ២០២០ បានជោគជ័យ ជាភ័ស្តុតាងយ៉ាងច្បាស់បានបង្ហាញពីសកម្មភាពមនុស្សធម៌ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងការសាមគ្គីភាពអន្តរជាតិរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលត្រូវបានគេទទួលស្គាល់ជាសកល ជាពិសេសអង្គការ សុខភាពពិភពលោក។

ថ្មីៗនេះ ភាពលេចធ្លោនៃស្នាដៃគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីត-១៩ នៅកម្ពុជាត្រូវបានកត់សម្គាល់ ដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច (Bureau de Prospective Economique) តាមរយៈការវាស់វែង និងប្រៀបធៀបនូវសន្ទស្សន៍ នៃការគ្រប់គ្រងស្ថានភាពរាលដាលជំងឺកូវីដ-១៩ ក្នុងចំណោមប្រទេសចំនួន១៦៦ នៅលើពិភពលោក ព្រះរាជាណាចក្រកម្ពុជា បានទទួលបានចំណាត់ថ្នាក់លេខ៣។ ដោយប្រើសន្ទស្សន៍ដដែល បើប្រៀបធៀបតែក្នុងទ្វីបអាស៊ី ព្រះរាជាណាចក្រកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការគ្រប់គ្រងស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ-១៩។

កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសអាស៊ាន ដែលគ្រប់គ្រងទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ បានជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំផ្ទាល់គណៈកម្មាការជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងមានគណៈកម្មការអន្តរក្រសួង ព្រមទាំងគណៈកម្មការថ្នាក់ក្រោមជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាសេនាធិការ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្លើយតប ដឹកនាំ និងសម្របសម្រួលអនុវត្តវិធានការនានា នៅទូទាំងរាជរដ្ឋាភិបាល និងសង្គមទាំងមូល ដូចជាការពិនិត្យសុខភាពអ្នកឆ្លងកាត់ព្រំដែន ការធ្វើចត្តាឡីស័កបានត្រឹមត្រូវ ការតាមដានអ្នកដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល អន្តរាគមន៍មិនមែនឱសថ កាត់បន្ថយហានិភ័យសុខភាពសាធារណៈ គាំទ្រវិធានការអប់រំសុខភាពដល់សហគមន៍ កាត់បន្ថយផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ច ក៏ដូចជាគាំទ្រដល់ការបន្តសកម្មភាពសេដ្ឋកិច្ច។

ទី២៖ ការវិនិយោគកន្លងមកក្នុងការត្រៀមបម្រុង និងលទ្ធផលប្រព័ន្ធសន្តិសុខសុខភាព។ ក្រុមឆ្លើយតបរហ័សរបស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើង។ ការបណ្តុះបណ្តាលដល់មន្រ្តីសុខាភិបាល ផ្នែកការគ្រប់គ្រង ការថែទាំ និងបង្ការការឆ្លង ដែលបានក្លាយជាកម្លាំងពលកម្មសុខភាពសាធារណៈ ស្នូលសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា។ កម្ពុជាបានបង្កើត និងអនុវត្តនូវផែនការឆ្លើយតបជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដែលមាន វិស័យអាទិភាព ចំនួន៩ រួមមាន៖ (១) ការរៀបចំផែនការ និងការគ្រប់គ្រងហេតុការចំពោះមុខ (២) ការតាមដាន និងការវាយតម្លៃហានិភ័យ (៣) ការរៀបចំមន្ទីរពិសោធន៍ (៤) សេវាថែទាំសុខភាព និងការគ្រប់គ្រងការព្យាបាល (៥) ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ (៦) វិធានការសុខភាព សាធារណៈមិនពាក់ព័ន្ធនឹងឱសថ (៧) ទំនាក់ទំនងហានិភ័យ (៨) ការគ្រប់គ្រងច្រកចេញចូលនៅ ព្រំដែន និង (៩) ការគ្រប់គ្រងភស្តុភាបានល្អ។

ទី៣៖ ការចូលរួមរបស់សហគមន៍ គឺមានសារៈសំខាន់ណាស់។ ក្នុងពេលមានការរាតត្បាតជាសកលនេះ ប្រទេសកម្ពុជាបានកៀរគរធនធាន សង្គមទាំងមូល ទាំងផ្នែកសាធារណៈ និងឯកជន។

ទី៤៖ សាមគ្គីភាពជាតិ និងកិច្ចសហការអន្តរជាតិបានល្អ។

ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់ សុខភាពជាសាកល និងជួយដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ប្រទេសកម្ពុជាកំពុងអនុវត្តមូលនិធិសមធម៌ សម្រាប់ប្រជាជនក្រីក្រ មូលនិធិគាំពារសុខភាពសង្គម សម្រាប់កម្មករ មន្រ្តីរាជការ និវត្តន៍ជន។ បន្ថែមពីលើយន្តការទាំងពីរនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ឱ្យអនុវត្តនូវការបញ្ជូនសាច់ប្រាក់ ដោយផ្ទាល់ដល់ស្រ្តីមានផ្ទៃពោះ និងដល់ប្រជាជនក្រីក្រ និងប្រជាជនងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរីករាលដានជំងឺកូវីដ-១៩។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានសង្គត់ធ្ងន់ថា ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះភាពជាអ្នកដឹកនាំ គ្រប់គ្រង ទប់ស្កាត់ និងឆ្លើយតបបានទាន់ពេលវេលា របស់គណៈកម្មាធិការសុខាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងការសម្របសម្រួល របស់អង្គការសុខភាពពិភពលោក ក្នុងការឆ្លើយតបជាសកលទៅនឹងជំងឺកូវីដ-១៩ ក៏ដូចជាការចូលរួមរបស់ប្រទេស សមាជិកអាស៊ានទាំងអស់ ដែលបានសហការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩៕