ប្រមុខដឹកនាំកម្ពុជា-វៀតណាម អះអាងពីការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ


ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាជាណាចក្រកម្ពុជា និង ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាង ពីការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ ដោយថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័ននានា និងអាជ្ញាធរថ្នាក់ខេត្តនៃប្រទេសរៀងៗខ្លួន ធ្វើការឱ្យបានជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជន ក៏ដូចជាលើកកម្ពស់ការអនុវត្តវិធានការបង្ការ ដើម្បីដោះស្រាយបញ្ហានានានៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដែលអាចកើតឡើងជាយថាហេតុឱ្យបានទាន់ពេលវេលា។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិបានឱ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអបអរសាទរវៀតណាមចំពោះលទ្ធផលប្រកបដោយជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)។ នាយករដ្ឋមន្រ្តីទាំងពីរ បានសម្តែងនូវការពេញចិត្តលើការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសិ្ថរភាពយូរអង្វែង។ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់នូវសារសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ។ ក្នុងគោលបំណងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័ននានា និងអាជ្ញាធរថ្នាក់ខេត្តនៃប្រទេសរៀងៗខ្លួន ធ្វើការឱ្យបានជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ធុរជន ក៏ដូចជាលើកកម្ពស់ការអនុវត្តវិធានការបង្ការ ដើម្បីដោះស្រាយបញ្ហានានានៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដែលអាចកើតឡើងជាយថាហេតុឱ្យបានទាន់ពេលវេលា។ ថ្នាក់ដឹកនាំទាំងពីរក៏បានអះអាងសាជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ និងសន្តិសុខ ក្នុងទិសដៅធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន។ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយពេញចិត្តដែលកម្ពុជា និងវៀតណាម បានគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ប្រកបដោយជោគជ័យ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានផ្តល់គ្រឿងបរិក្ខារពេទ្យដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានសម្របសម្រួលឱ្យនិស្សិតកម្ពុជារាប់រយនាក់បានត្រឡប់ទៅសិក្សានៅប្រទេសវៀតណាមវិញ។ នាយករដ្ឋមន្ត្រីវៀតណាមបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវស្ថិរភាព សេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេលរីករាលដាលនៃជំងឺរាតត្បាតក្នុងពិភពលោក។ នាយករដ្ឋមន្រ្តីទាំងពីរបានអបអរសារទរ ចំពោះការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងលើពិធីសារទទួលស្គាល់ការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមឆ្នាំ២០១៩។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានគូសបញ្ជាក់នូវសារសំខាន់នៃការផ្លាស់ប្តូរផែនទីឋានលេខាព្រំដែនរវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីរបានឯកភាពពន្លឿននីតិវិធីដើម្បីផ្លាស់ប្តូរលិខិតតូបករណ៍ នៃការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ថ្នាក់ដឹកនាំទាំងពីរក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ចំនួន១៦ភាគរយ ក្នុងគោលបំណងប្រែក្លាយព្រំដែនកម្ពុជា-វៀតណាមជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា។ នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងពហុភាគី ដូចជា អនុតំបន់មេគង្គ អាស៊ាន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងអង្គការសហប្រជាជាតិ។កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូត្រូវបានធ្វើឡើងក្នុងបរិយាកាសស្និទ្ធសា្នលបំផុត ឆ្លុះបញ្ចាំងពីសាមគ្គីភាពជាភាតរភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕