ក្រុមប្រឹក្សាខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកលើកដែក


កណ្តាល ៖នៅថ្ងៃ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមប្រឹក្សាខេត្តកណ្ដាល បានរៀបចំវេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី២ អាណត្តិទី៣ របស់ខ្លួន នៅស្រុកលើកដែក ក្រោម​អធិបតីភាព​ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាង ៥០០នាក់។

វេទិកានេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត ។ ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីលទ្ធផល នៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្តបន្ទាប់។ ផ្តល់ឱកាសជូនប្រជាពលរដ្ឋដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សាខេត្ត។ ផ្ដល់ឱកាសជូនប្រជាពលរដ្ឋលើកឡើងអំពីបញ្ហា សំណើសំណូមពរដែលបានជួបប្រទះក្នុងជីវភាពរស់នៅ និងទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងឆ្លើយតប។

ក្នុងវេទិកានេះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានផុលផុស ដើម្បីក្រុមប្រឹក្សាខេត្ត ធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះមកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនឱ្យ ចំគោលដៅ មានប្រសិទ្ធភាព និងទាន់ពេលវេលា ៕