សិក្ខាសាលាស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស


រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេសជូនដល់បុគ្គលិកអប់រំនៃអង្គភាពក្រោមឱវាទ ដែលជាសិក្ខាកាមទាំងអស់ បានយល់ច្បាស់នូវយន្ដការប្រឡងតាមគោលការណ៍បួនគឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដើម្បីឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ ប្រព្រឹត្តទៅដោយរលូន និងបានជោគជ័យ។ដោយធ្វើ​កិច្ច​ពិភាក្សាទៅលើប្រធានបទចំនួន០៤ចំនុច ៖ ១) ការរៀបចំយន្តការដំណើរការមណ្ឌលសំណេរ ២) តួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស ៣) តួនាទី និងភារកិច្ចរបស់ជំនួយការអប្បមាទទូទាំងប្រទេស និង ៤) បទបញ្ញត្តិ និងកម្រិតវិន័យចំពោះបុគ្គលិកអប់រំ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សូម​បញ្ជាក់​ថា​ដើម្បី​រក្សា​បាន​នូវ​គម្លាត​តាម​ស្ដង់ដារ​សុវត្ថិភាព​ក្នុងបរិបទកូវីដ-១៩នេះក្រសួងបានរៀបចំសិក្ខាសាលាជាពីរក្រុមគឺក្រុមពេលព្រឹកមាន ១៦អង្គភាពក្រោមឱវាទក្រសួងសរុប១១០នាក់ និងក្រុមពេលរសៀលមាន ១២អង្គភាពក្រោមឱវាទក្រសួងសរុប១០៩នាក់។
ឯកឧត្ដមបណ្ឌិត​ក៏​បានវាយតម្លៃខ្ពស់ទៅលើកំណែទម្រង់អប់រំ គឺ​ផ្ដើម​ចេញ​ពី​កំណែ​ទម្រង់​ការប្រឡង​ដែលធ្វើឲ្យសិស្សត្រូវតែខិតខំរៀន ដូច្នេះ​កំណែ​ទម្រង់​ប្រឡង​គឺ​មាន​ន័យ​ធំធេង​ណាស់​ក្នុង​ការ​កែ​លម្អ​គុណភាព​អប់រំ​នៅ​កម្ពុជា៕
២៤ វិច្ឆិកា ២០២០ | វិទ្យាស្ថានជាតិអប់រំ