ឯកឧត្តម សុខ ឥសាន ថា មិនគួរ​ទុក​ឲ្យ​មេដឹកនាំ​បាតុកម្ម​កាលពី​ឆ្នាំ​១៩៩៧ ដែល​នាំ​គេ​ទៅ​ស្លាប់ និង​របួស រួចខ្លួន​នោះទេ


ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន អះអាងថា បាតុកម្ម​កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ បាន​បន្សល់ទុក​នូវ​សោកនាដកម្ម​យ៉ាង​ជូរចត់​សម្រាប់​ប្រជាជន​កម្ពុជា ជាពិសេស​សម្រាប់​សាច់ញាតិ​នៃ​ជនរងគ្រោះ ដូច្នេះ​តាម​ការជាក់ស្តែង មិនគួរ​ទុក​ឲ្យ​មេដឹកនាំ​បាតុកម្ម​រួចខ្លួន​នោះទេ ពីព្រោះ​ការធ្វើ​បាតុកម្ម​មហិច្ឆតា​ផ្ទាល់ខ្លួន បែរជា​នាំ​គេ​ទៅ​ស្លាប់ និង​របួស​យ៉ាងច្រើន​។​

ឯកឧត្តមបាន​លើកឡើងថា គេ​នៅចាំ​មិន​ភ្លេច​ទេ កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ លោក សម រង្សី បាន​ដឹកនាំ​ធ្វើបាតុកម្ម​អនាធិបតេយ្យ​មួយ​នៅខាងមុខ​មន្ទីរ​រដ្ឋសភា​ចាស់ ក្បែរ​ព្រះបរមរាជវាំង​។ ពេលនោះ​មាន​បាតុភាព​ផ្ទុះ​គ្រាប់បែក​ចំនួន​៤ គ្រាប់​នៅក្នុង​ហ្វូង​បាតុករ បណ្តាល​ឲ្យ​មនុស្ស​ជាង ១០​នាក់​ស្លាប់ ហើយ​របួស​ជាច្រើន​សិប​នាក់​ទៀត។ ឯកឧត្តម​បន្តថា ដោយមាន​ជនបរទេស​របួស ភ្នាក់ងារ FBI បាន​លូកដៃ​ចូលធ្វើការ​ស៊ើបអង្កេត​យ៉ាង​មមាញឹក រហូតដល់​ដើម​ទសវត្ស​រ៍ទី​២០ ទើបបាន​បិទ​បញ្ចប់​កា​រសើប​អង្កេត​នេះ ដោយ​មូល​ហេតុថា​រក​មិនឃើញ​ភស្តុតាង និង​អ្នកប្រព្រឹត្ត​។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា បាតុកម្ម​នេះ​បាន​បន្សល់ទុក​នូវ​សោកនាដកម្ម​យ៉ាង​ជូរចត់​សម្រាប់​ប្រជាជន​កម្ពុជា ជាពិសេស​សម្រាប់​សាច់ញាតិ​នៃ​ជនរងគ្រោះ។ លោ​កប​​ញ្ជាក់​ជា​ក់ថា “​តាម​ការជាក់ស្តែង មិនគួរ​ទុក​ឲ្យ​មេដឹកនាំ​បាតុកម្ម​រួចខ្លួន​នោះទេ ដោយសារ​មហិច្ឆតា​ផ្ទាល់​ខ្លួនឯង នាំ​គេ​ទៅ​ស្លាប់ និង​របួស​” បានជា​ក្រោយៗ​មកទៀត ជន​ចិត្តខ្មៅ​នេះ នៅតែ​ហ៊ាន​ដឹកនាំ​ធ្វើបាតុកម្ម​តូចធំ​តាម​អំពើ​ចិត្ត ទោះបី​ធ្វើ​ឲ្យ​មាន​អ្នកស្លាប់ របួស​ក៏​មិន​ឈឺក្បាល​វិលមុខ​ដែរ​។ ប្រជាជន​កម្ពុជា ត្រូវ​ចំណាំ​មុខ​មនុស្ស​ចង្រៃ​នេះ​ឲ្យ​ច្បាស់ ហើយ​គួរ​ជៀស​ឲ្យ​ឆ្ងាយ កុំ​ឲ្យ​វា​មានឱកាស​មក​ជាន់ដី​ខ្មែរ​ឲ្យ​សោះ​រហូត​តរៀង​ទៅ​”​។​