ឯកឧត្តម ស៊ុន ចាន់ថុល បានអនុញ្ញាតឱ្យអតីតប្រធានតំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) ចូលពិភាក្សាការងារ និង​ជម្រាបលា


ភ្នំពេញ ៖ កាលពីថ្ងៃ៩​កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក Sugano Yuichi អតីតប្រធានតំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) ចូលពិភាក្សាការងារ និង​ជម្រាបលា និងអនុញ្ញាតឱ្យលោកស្រី Kamei Haruko ប្រធានតំណាង JICA ថ្មី ដែលទើបនឹងទទួលការតែងតាំង ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងសាធារ ណការ និងដឹកជញ្ជូន។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះជប៉ុន តាមរយៈ JICA ដែលបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបាន​កោតសរសើរ​ចំពោះតួនាទីដ៏សំខាន់របស់លោក Sugano Yuichi ក្នុងការជួយគាំទ្រដល់ការកៀរគរ និងស្វែងរកការគាំទ្រពីជប៉ុនក្នុងការផ្តល់នូវហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនា​សម្ព័ន្ធនៅកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណដល់ជប៉ុន ដែលផ្តល់គ្រឿងចក្រសម្រាប់សាងសង់ផ្លូវដល់ក្រសួង ចំពេលដែលក្រសួងត្រូវការជាចាំបាច់ក្នុងការបញ្ជូនទៅសម្រាប់ការសាងសង់ផ្លូវទាំង៣៨ខ្សែនៅសៀមរាប និង​បាន​គូសបញ្ជាក់អំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗហិរញ្ញប្បទានដោយJICA រួមមាន ការសាងសង់ផ្លូវជាតិលេខ៥ ដែលជាឆ្អឹងខ្នងរបស់ប្រទេស ក្នុងការតភ្ជាប់ជាមួយបណ្តាប្រទេសដទៃទៀតក្នុងតំបន់ រួមមាន៖ ប្រទេសថៃ វៀតណាម​ និងមីយ៉ាន់ម៉ា និងស្ពានត្សឹបាសា (ស្ពានអ្នកលឿង) នៅផ្លូវជាតិលេខ១ ដែលជាផ្នែកមួយនៃផ្លូវល្បឿនលឿនរបស់អាស៊ាន (AH1)។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី​​ ក៏បានមានប្រសាសន៍ថា ទីតាំងថ្មីរបស់ក្រសួងបានរៀបចំជិតរួចរាល់ហើយ រួមមាន អគារធំ និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន និងស្នើសុំឱ្យ JICA ជួយកសាងសមត្ថភាពមន្ត្រីក្រសួង ដោយផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី មួយឬពីរសប្តាហ៍ និងបានលើកឡើងអំពីការផ្តល់ជូនឧបករណ៍ និងគ្រឿងចក្រសម្រាប់សាងសង់ ដែលមានទឹកប្រាក់សរុប៨លានដុល្លារអាម៉េរិក ដល់មន្ទីរសាធារណការ និងដឹកជញ្ជូននៅទូទាំងប្រទេស។

ដោយឡែក លោក Sugano Yuichi ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រសួងចំពោះកិច្ចសហការយ៉ាងពេញទំហឹងកន្លងមក៕