ឯកឧត្តម ហ៊ុន ម៉ានី៖ ការតាក់តែងច្បាប់ថវិកា ឆ្នាំ២០២១ បង្ហាញយ៉ាងច្បាស់ពីភាពមុតស្រួច និងមិនប្រែប្រួលរបស់រាជរដ្ឋាភិបាល នៅជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈ និងការដាក់ប្រយោជន៍ប្រជាជនជាចម្បង


(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើងថា ការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្តោតចម្បងលើការប្រយុទ្ធការពារអាយុជីវិតប្រជាជន ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមទាំងការតម្រង់ធនធានឆ្ពោះទៅការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបិត្តិកូវីដ១៩។

ឯកឧត្តម  ហ៊ុន ម៉ានី ចាត់ទុកថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះ បង្ហាញយ៉ាងច្បាស់ពីភាពមុតស្រួច និងភាពមិនប្រែប្រួលរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងការបន្តស្ថិតនៅជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈ និងការដាក់ផលប្រយោជន៍ប្រជាជនជាចម្បង ជាពិសេសក្នុងបរិបទ ដែលកម្ពុជាកំពុងជួបការលំបាកដោយវិបត្តិកូវីដ១៩។

អមដោយសាររូបភាពចំនួន៥សន្លឹក ដែលចូលរួមក្នុងសម័យប្រជុំរដ្ឋសភាពេញអង្គ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះខ្លឹមសារទាំងស្រុងក្នុង Facebook ផ្លូវការរបស់ឯកឧត្តម យ៉ាងដូច្នេះថា «ក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៃសម័យប្រជុំរដ្ឋសភាពេញអង្គ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ តំណាងរាជរដ្ឋាភិបាលបានបង្ហាញពីស្មារតីនៃការតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង ដោយផ្តោតចម្បងលើការប្រយុទ្ធការពារអាយុជីវិតប្រជាជន ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមទាំងការតម្រង់ធនធានឆ្ពោះទៅការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបិត្តិកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ចីរភាពនៃកំណើនសេដ្ឋកិច្ច រួមជាមួយនឹងការប្រកួតប្រជែងរបស់កម្ពុជា។

ស្មារតី និងមូលដ្ឋាននៃការគិតគូរខាងលើនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់ពីភាពមុតស្រួច និងភាពមិនប្រែប្រួលរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចប្រធានគណបក្ស ក្នុងការបន្តស្ថិតនៅជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈ និងការដាក់ផលប្រយោជន៍ប្រជាជនជាចម្បង ជាពិសេសក្នុងបរិបទ ដែលកម្ពុជាកំពុងជួបការលំបាកដោយវិបត្តិកូវីដ១៩។

កន្លងមក រាជរដ្ឋាភិបាលបានអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ និងជោគជ័យ ពីអាណត្តិមួយ ទៅអាណត្តិមួយ ដោយសម្រេចបាននូវសមិទ្ធិផលជាប្រយោជន៍ជូនប្រជាពលរដ្ឋ និងភាពរីកចម្រើនក្នុងសង្គម ប៉ុន្តែដោយសារកត្តាសត្យានុម័តនៃបរិបទអន្តរជាតិតម្រូវ កត្តាអត្តនោម័តរបស់យើង ត្រូវតែសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែងក្នុងបរិបទថ្មីនេះ។ ក្នុងន័យនេះ ការគិតគូរ និងរបៀបរបបនៃការអនុវត្តការងារ ក៏ត្រូវតែមានការសម្របតាមកាលៈទេសៈជាក់ស្តែង ដោយផ្នែកលើមូលដ្ឋាននៃការរៀបចំថវិកាជាតិ និងចំណូលថវិកាជាតិ ដែលមានកម្រិតតាមស្ថានភាពដូចគ្នាដែរ»។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១» ឬហៅម្យ៉ាងទៀតថា «ច្បាប់ថវិកាជាតិឆ្នាំ២០២១» ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ច្បាប់ថវិកាជាតិឆ្នាំ២០២១ ត្រូវបានប្រសិទ្ធនាមថា ជាថវិកាប្រយុទ្ធការពារជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពប្រជាជន ព្រមទាំងតម្រង់ទិសទៅរកការស្តារឡើងវិញ ក្រោយពេលជំងឺកូវីដ១៩។

ច្បាប់ថវិកាជាតិឆ្នាំ២០២១ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយចំនួន៣០,៤៩១,៣៣៦លានរៀល ដែលស្មើនឹងប្រមាណ ៧,៥០០លានដុល្លារ ថយចុះ១.៩% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២០។ ដោយឡែកសម្រាប់ចំណូលថវិកាថ្នាក់ជាតិ ត្រូវបានរាជរដ្ឋាភិបាល គ្រោងប្រមូលឲ្យបានក្នុងចំនួន ១៩,៩២៧,១៨៦លានរៀល ស្មើនឹងប្រមាណ ៤,៩០២ លានដុល្លារថយចុះ១៧.៣% ធៀបនឹងឆ្នាំ២០២០៕