រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីប្រកាសចូលកាន់តំណែង អភិបាល ស្រុករុក្ខគិរី


បាត់ដំបង ៖ នៅថ្ងៃ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាព គណៈអភិបាលស្រុក មេឃុំ និងការិយាល័យនានាជុំវិញស្រុកច្រើនរូបទៀត។

ឯកឧត្តម ងួន រតនៈ បានប្រគល់អនុក្រឹត្យស្តីពីការតែងតាំងលោកស្រី ប៊ិន បូឡែន ឋានន្តរស័ក្តិ ថ្នាក់លេខ ៦ ឱ្យកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

លោកស្រី ប៊ិន បូឡែន អភិបាលនៃគណៈអភិបាលស្រុករុក្ខគិរី ដែលទើបប្រកាសតែងមុខតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងការអនុវត្តតួនាទី ភារកិច្ច ដោយត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងប្តេជ្ញាក្នុងថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមនៅមូលដ្ឋានស្រុកផងដែរ។

ឯកឧត្តម ងួន រតនៈ បានផ្តាំផ្ញើដល់លោកស្រី អភិបាលស្រុករុក្ខគិរីថ្មី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរផងដែរ៕