កូរ៉េនៅតែទទួលពលករកម្ពុជា ខណៈបច្ចុប្បន្នពលករកម្ពុជាជិត ៥ម៉ឺននាក់ កំពុងធ្វើការនៅទីនោះ


ភ្នំពេញ ៖ ទោះបីស្ថិតក្នុងដំណាក់កាលពិបាកដោយសារជំងឺកូវីដ-១៩ សាធារណរដ្ឋកូរ៉េនៅតែ ព្រមទទួលយកពលករកម្ពុជាឱ្យធ្វើការនៅប្រទេសខ្លួន ដោយសារនិយោជកពេញចិត្តនឹង សមត្ថភាព ភាពស្មោះត្រង់របស់ពលករកម្ពុជា ខណៈបច្ចុប្បន្នពលករកម្ពុជាប្រមាណជិត ៥០,០០០នាក់ កំពុងបម្រើការងារលើវិស័យនានានៅប្រទេសនេះ។

ការលើកឡើងនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងការងារ។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដែលកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងកូរ៉េខាងត្បូងតាំងពីភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៩៧មក។          ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមអំពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមក រវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងនោះបានជំរុញទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េក្នុងឆ្នាំ២០១៩ ឱ្យឈានដល់ជាង ១,៥០០ លានដុល្លារអាម៉េរិក។ ទុនវិនិយោគមកពីប្រទេសកូរ៉េនៅកម្ពុជា មានតម្លៃជាង ៥ពាន់លានដុល្លារអាម៉េរិក គិតមកដល់ពេលបច្ចុប្បន្ននេះ និងបានធ្វើឱ្យកូរ៉េ ក្លាយជាប្រទេសទី២ ក្នុងការវិនិយោគនៅកម្ពុជា។

ឯកឧត្តមបានបន្តថា កម្ពុជា និងកូរ៉េ កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បី ឈានទៅចុះហត្ថលេខាដាក់ឱ្យដំណើរការជាធរមាន នាពេលឆាប់ៗនេះ។ កិច្ចព្រមព្រៀងនេះ នឹងជំរុញឱ្យទំហំពាណិជ្ជកម្ម និងការវិនិយោគកាន់តែមានការកើនឡើង ហើយវិនិយោគិនកូរ៉េ ក៏នឹងមកកម្ពុជាបន្ថែម ដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យជាច្រើនទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៅឯកឧត្តមអគ្គរដ្ឋទូតថា សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីជាប្រធានក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ ឯកឧត្តមនឹងខិតខំពិនិត្យដោះស្រាយ គាំទ្រឱ្យកាន់តែប្រសើរថែមទៀតទៅលើកិច្ចសម្រួល ពាណិជ្ជកម្មនានាពាក់ព័ន្ធទៅនឹងអ្នកវិនិយោទុនកូរ៉េ ដែលមានបំណងចូលមកធ្វើការវិនិយោគ នៅកម្ពុជា។

នៅក្នុងជំនួបនេះដែរឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលកន្លង មកបានជួយដល់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីឱ្យអង្គភាពមួយនេះមាន ប្រសិទ្ធភាពក្នុងការផ្តល់សេវាការងារ ជូនដល់អ្នកស្វែងរកការងារធ្វើ ក៏ដូចជានិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម។ ចំណែកផ្នែកបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ តាមរយៈអង្គការ KOSHA បានជួយបណ្តុះបណ្តាលមន្ត្រីកម្ពុជា និងបានបង្កើតនូវ វិទ្យាស្ថានបណ្តុះបណ្តាលពហុបច្ចេកទេសកម្ពុជា(NPIC) ដែលជាវិទ្យាស្ថានមួយ មានបច្ចេក ទេសស្តង់ដារខ្ពស់ ព្រមទាំងមានការគាំទ្រពីសាធារណជន សិស្ស និស្សិតខ្លាំងផងដែរ។ ចំពោះបេឡាជាតិសន្តិសុខសង្គម ក៏ភាគីកូរ៉េជួយទៅលើបច្ចេកទេសជាច្រើន ដល់កម្ពុជា ដោយអនុវត្តន៍បានជោគជ័យទៅលើរបបគ្រោះថ្នាក់ការងារ ដើម្បីការពារកម្មករនិយោជិត ករណីជួបគ្រោះថ្នាក់អ្វីមួយ ក្នុងពេលបំពេញការងារខ្លួន  រួមទាំងរបបថែទាំសុខភាពជាដើម។ កិច្ចសហប្រតិបត្តិការ របស់បេឡាជាតិសន្តិសុខសង្គមនៅតែបន្តរហូតមក។

ទន្ទឹមនេះដែរ ភាគីកូរ៉េកំពុងជួយកម្ពុជាក្នុងការរៀបចំសេចក្តីព្រាងស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលកម្ពុជា មិនទាន់មានច្បាប់នេះនៅឡើយ នាពេលអនាគតកម្ពុជា នឹងបង្កើតឱ្យមានក្របខ័ណ្ឌច្បាប់នេះ ដើម្បីធានាបានប្រសើរថែមទាំង លើការការពារ សុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។

ជាមួយគ្នានេះ ភាគីកូរ៉េគ្រោងនឹងបង្កើតវិទ្យាស្ថានជាតិបណ្តុះបណ្តាលផ្នែកសុខភាព និងសុវត្ថិភាពការងារ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធឱ្យ យល់ពីប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ។ ពាក់ព័ន្ធនឹងការបញ្ជូន-ទទួលពលករ កម្ពុជាធ្វើការនៅប្រទេសកូរ៉េ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានលើកឡើងថា បន្ទាប់ពីស្ថានភាព កូវីដ-១៩ នៅប្រទេសកូរ៉េមានភាពធូរស្រាល ដែលអាចទទួលយកកម្លាំងពលកម្មបរទេសបាន កម្ពុជារំពឹងថានឹងក្លាយជាប្រទេសអាទិភាពមួយក្នុងចំណោមប្រទេសចំនួន ១៥ផ្សេងទៀត ដោយសារកម្ពុជាមានស្ថានភាពកូវីដល្អប្រសើរ មានជើងហោះហើរច្រើន។

ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានលើកឡើងថា នៅក្នុងឆ្នាំ២០១៩ ពលករកម្ពុជាមានចំនួនច្រើនជាងគេ ក្នុងចំណោមពលករដែលធ្វើការនៅប្រទេសកូរ៉េ ហើយក្នុងដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២០នេះ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនៅតែ អនុញ្ញាតទទួលពលករកម្ពុជាដដែល។

ឯកឧត្តមទូតបានបញ្ជាក់ថា «មូលហេតុដែលកូរ៉េអនុញ្ញាតទទួលពលករ កម្ពុជា យ៉ាងដូច្នេះ គឺដោយសារនិយោជកមានការពេញចិត្តនឹងសមត្ថភាពខ្ពស់ របស់ពលករកម្ពុជា មានភាពស្មោះត្រង់នឹងការងារ និងអនុវត្តន៍តាមការណែនាំ របស់ផ្នែកសុខាភិបាលរបស់ រដ្ឋាភិបាលកូរ៉េបានយ៉ាងហ្មត់ចត់»។

សូមជម្រាបថា ចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុប ៦៨,២៩៤ នាក់ (ស្រី ១៤,២៥៥ នាក់) ឱ្យទៅធ្វើការនៅប្រទេសកូរ៉េ ដែលរួមមានវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់ ដែលអាណត្តិការងារមានរយៈពេល ៤ឆ្នាំ ១០ខែ ខណៈដែលបច្ចុប្បន្ន ពលករ កម្ពុជាដែលកំពុងធ្វើការនៅកូរ៉េមានចំនួនជិត ៥០,០០០នាក់៕