ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំកម្រិតជាតិ និងអនុម័តលើផែនការការងារ និងផែនការប្រើប្រាស់កញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០១៧


រសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៧ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានកម្មវិធីខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហាន២ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំកម្រិតជាតិ និងអនុម័តលើផែនការការងារ និងផែនការប្រើប្រាស់កញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០១៧ ។ កម្មវិធីខ្សែសង្វាក់តម្លៃផលិតកម្ម កសិកម្មកម្ពុជា ជំហាន២ ផ្តោតលើសមាសធាតុសំខាន់ចំនួន ៣ គឺ ៖ ១.ផលិតភាព និងពិពិធកម្ម កសិកម្ម ២.ប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងទឹក និង ៣.ការផលិតអង្ករមានគុណភាព និងការនាំចេញឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាល ទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីជំនួយឥតសំណងដោយរដ្ឋាភិបាល អូស្រ្តាលី សម្រាប់កម្មវិធី CAVAC ជំហាន ២ នៅឆ្នាំ ២០១៧ បាននិងកំពុងអនុវត្តការស្តារឡើងវិញប្រព័ន្ធធារាសាស្រ្តចំនួន២ គឺ ៖ ប្រព័ន្ធធារាសាស្រ្តតាសួង ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ មានលទ្ធភាពស្រោចស្រពលើផ្ទៃដី ១.៥០០ ហិកតា និងប្រព័ន្ធធារាសាស្រ្តតាហិល ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង មានលទ្ធភាពស្រោចស្រពលើផ្ទៃដី ៦០០ ហិកតា ៕