ក្រុមការងារស្រុកបាភ្នំប្រជុំពិនិត្យការងារប្រចាំខែ និងជួបសំណេះសំណាល រំលឹកខួប៤២ឆ្នាំថ្ងៃបង្កើតរណសិរ្យ២ធ្នូ


នៅសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ បានជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋានមកពីភូមិ១០៨ នៃឃុំទាំង៩ ក្នុងស្រុកបាភ្នំ ចំនួនជិត ៣០០ នាក់។

ជំនួបសំណេះសំណាលនេះ មានការចូលរួមផងដែរពីសំណាក់អស់លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយស្រុក និងប្រធាន អនុប្រធាន ព្រមទាំងសមាជិកក្រុមការងារចុះជួយឃុំ បានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា «២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២០» ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារស្រុក បានរំលឹកឡើងវិញពីគុណតម្លៃជាសច្ចភាពប្រវត្តិសាស្ត្រនៃទិវា ២ធ្នូ ដែលយើងទាំងអស់គ្នាត្រូវតែចងចាំជាប់ជានិច្ច ដើម្បីអនាគតភ្លឺស្វាងរបស់មនុស្សគ្រប់ជំនាន់តរៀងទៅ។

ឆ្លងតាមមេរៀនប្រវត្តិសាស្ត្ររយៈពេលជាង ៤ ទសវត្សកន្លងមកនេះ បានបង្ហាញច្បាស់ថា សុខសន្តិភាព និងកំលាំងសាមគ្គីប្រជាជាតិ គឺជាកត្តាស្លាប់រស់ធានាដល់ភាពស្ថិតស្ថេរគង់វង្សនិងការអភិវឌ្ឍសង្គមជាតិយើង។

ក្រោមមគ្គុទេសក៍ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ យើងទាំងអស់គ្នាប្តេជ្ញាបន្តជ្រោងខ្ពស់ទង់សាមគ្គីជាតិទាំងមូល ឆ្លៀតទទួលយកការគាំទ្រពីអន្តរជាតិ ជំរុញបុព្វហេតុថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិយើងឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីសុខមាលភាពនិងភាពថ្កុំថ្កើងរុងរឿងរបស់មាតុភូមិនិងប្រជាជនយើងតទៅអនាគត៕