ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា៖ ប្រជាជនកម្ពុជាមានមោទនភាពដែលមានប្រមុខដឹកនាំពូកែ គ្រប់គ្រងស្ថានភាពជម្ងឺខូវីត១៩បានល្អ


នៅថ្ងៃទី២៨ ខែ វិច្ឆិកា ២០២០ ឯកឧត្តម សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានដឹកនាំក្រុមការងារ NACC Team Against Covid-19 ចុះផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយម្លាប់មេរោគការពារការឆ្លងរាលដាលជម្ងឺខូវីត១៩ នៅនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត និងអគារលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃក្រសួងមហាផ្ទៃ ។

ឯកឧត្តម សោម អូន បានលើកឡើងថា ប្រជាជនកម្ពុជា មានមោទនភាពដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំពូកែ ពោរពេញទៅដោយ បទពិសោធន៍ និងមានវិធានការណ៍ច្បាស់លាស់ បានខិតខំទប់ស្កាត់ នូវរាល់បញ្ហាប្រឈមនានា ដែលបានកើត ឡើង ជាពិសេសនៅក្នុងដំណាក់ កាលពិភពលោកកំពុងជួបនៅភាពវឹកវរ ដោយសារការឆ្លងរាលដាលជម្ងឺខូវីត១៩យ៉ាងគំហុក បែជា «កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (ក្នុង ចំណោម ១៦៦ ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជម្ងឺកូវីដ-១៩ និងផល ប៉ះពាល់ពីជម្ងឺបានល្អជាងគេ»។

ឯកឧត្តម សោម អូន បានរំលឹកថា ទោះបីមានប្រទេសខ្លះបានប្រកាសអំពីភាពជោគជ័យនៃការបង្កើតវ៉ាសាំងជម្ងឺខូវីតក៏ដោយ ក៏ឯកឧត្តមនៅតែអំពាវនាវដល់កម្មករនិយោជិតនិងប្រជាពលរដ្ឋទាំអស់ សូមប្រុងប្រយ័ត្ន និងបន្ត ចូលរួមអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រយុទ្ឋប្រឆាំងជម្ងឺខូវីត១៩ នេះ ក្នុងនាមសភាសម្ព័ន្ឋស្ជីពជាតិកម្ពុជា លោក សោម អូន បានចូលរួមឧបត្ថម្ភម៉ាស់មួយចំនួនដល់ នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត និង អគារលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការនៃក្រសួងមហាផ្ទៃ ៕