សម្តេច សាយ ឈុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរ សង្កាត់សាក់សំពៅ


ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ អាជ្ញាធរ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បន្ទាប់ពីសំណេះសំណាលសាកសួរសុខទុក្ខ និងស្តាប់លោកស្រី ចៅសង្កាត់ និងអាជ្ញាធរសង្កាត់ ជម្រាបរាយការណ៍ជូនអំពីសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពីស្ថានភាពជីវភាពរស់នៅ ការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន  សម្តេចបានផ្តល់អនុសាសន៍ដល់អាជ្ញាធរ គ្រប់ថ្នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឺងចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ អាជ្ញាធរគ្រប់ថ្នាក់ ត្រូវខិតខីពង្រឹង និងថែរក្សាក្នុងកំរឹតខ្ពស់បំផុត នូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈក្នុងមូលដ្ឋាន ឲ្យបានល្អ និងប្រកបដោយសុខសុវត្ថិភាព ការងារនេះ ត្រូវបន្តធ្វើរហូតដល់ ក្រោយការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីអោយប្រជាពលរដ្ឋយើង បានរៀបចំបុណ្យទាន តាមប្រពៃណី ក្នងបរិយាកាសសប្បាយរីករាយ ហើយព្រមជាមួយនេះ ក៏ដើម្បីបង្កលក្ខណ: ដល់គ.ជ.ប បានរៀបចំការបោះឆ្នោតឲ្យប្រព្រឹត្តទៅ បានរលូនល្អ ប្រកបដោយតម្លាភាព ដោយសេរី យុត្តិធម៌ គ្មានអំពើហឹង្សា ហើយដែលទាំងអស់គ្នា អាចទទួលយកបាន។

សម្តេច ក៏បានសំណូមពរ សូមអាជ្ញាធរ បន្តជំរុញ ប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ ឲ្យទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់គឺជាការបោះឆ្នោត ជ្រើសរើសតំណាង និងជាអ្នកដែលនិងដឹកនាំការងារបំរើប្រជាជន និងអភិវឌ្ឍផ្ទាល់នៅមូលដ្ឋានរបស់យើងទាំងអស់គ្នា ក្នុងរយះមួយអាណត្តិ 5ឆ្នាំតទៅមុខទៀត  អាស្រ័យហេតុនេះ សូមបងប្អូន ប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួនម្នាក់ៗ ជ្រើសរើសគណបក្សណាដែលបងប្អូនស្រឡាញ់ពេញចិត្ត ជឿទុកចិត្ត មានបេក្ខជន ដែលមានសមត្ថភាព មានលទ្ធភាពជួយបងប្អូនបាន និងដែលតែងតែនៅជាប់ជិតស្និទ្ធជាមួយបងប្អូនក្នុងគ្រប់កាលះទេសះ ឲ្យទទួលដឹកនាំបន្ត តទៅ ។