ប្រជាពលរដ្ឋងាយរងគ្រោះ នៅឃុំសែប បានទទួលអំណោយរបស់រាជរដ្ឋាភិបាល


កំពង់ឆ្នាំង ៖អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ជូនគ្រួសារងាយរងគ្រោះ ត្រូវបានលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី បាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៤០គ្រួសារ នៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃ១៤កើតខែមិគសិរ ឆ្នាំជួត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

​លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋមួយចំនួនតូចនៅខេត្តកំពង់ឆ្នាំង ជួបការលំបាកខ្វះខាតជីវភាព ហើយដើម្បីសម្រួលនូវការលំបាកនេះរាជរដ្ឋាភិបាល បានផ្តល់អំណោយតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត ដើម្បីជួយដល់គ្រួរសារងាយរងគ្រោះ នៃគម្រោងសុខុមាលភាពសង្គម សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ដល់គ្រួសារចាស់ជរាជួបការលំបាក ស្រ្តីមេម៉ាយក្រីក្រមានកូនច្រើន និងជនពិការ ក្នុងដំណាក់កាលដែលកម្ពជា ក៏ដូចជានៅលើពិភពលោក បានរងផលប៉ះពាល់នៃជំងឺកូវីដ-១៩នេះ ។

លោកជំទាវ កែ ច័ន្ទមុនី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែបានគិតគូរ យកចិត្តទុកដាក់អំពីសុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ។

លោកជំទាវ បានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មានអនាម័យជាប់ជាប្រចាំ គឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា អនុវត្តន៍ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ និងជំងឺផ្សេងៗកើតមានក្នុងគ្រួសារនិងសហគមន៍របស់យើង។ ជាពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និង រួមគ្នាថែរក្សាសុខសន្តិភាពឱ្យនៅគង់វង្ស។

ក្នុងឱកាសនោះដែរ លោកជំទាវ កែ ច័ន្ទមុនី និង ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងមន្ត្រីអមដំណើរបានចែកអំណោយជូនដល់គ្រួសារក្រីក្រ និងចាស់ជរាគ្មានទីពឹងទាំង៤០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ ១យួរ មុង១ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ និង សារុង១៕