ឯកឧត្តម មាស សុភា អញ្ជើញចូលរួមចែកអំណោយជូនប្រជាពលរដ្ឋដែលជួបការខ្វះខាត មកពីឃុំចំនួន៥ ក្នុង​ស្រុកសង្គមថ្មី​


ព្រះវិហារ ៖ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានដឹកនាំក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់ខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា និងអាជ្ញាធរមូលដ្ឋាន នាំអំណោយមនុស្សធម៌ដែលបានមកពីការចូលរួមរបស់សប្បុរសជន មកចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតចំនួន២០០គ្រួសារ ដែលមកពីឃុំចំនួន៥ ក្នុង​ស្រុកសង្គមថ្មី​។ ពិធីនេះរៀបចំឡើងនៅព្រឹកថ្ងៃសៅរ៍​ ១៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅវត្តបឹង ភូមិដា ឃុំចំរើន ស្រុក​សង្គមថ្មី​ ខេត្តព្រះវិហារ។

ឯកឧត្តម មាស សុភា បានថ្លែងថា កម្មវិធីនយោបាយ ដែលបានដាក់ចេញយកមកអនុវត្តន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ គឺមានភាពត្រឹមត្រូវធ្វើឱ្យប្រទេសជាតិ ទទួលបាននូវការអភិវឌ្ឍរីកចម្រើនគ្រប់បែបយ៉ាង ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ។

ឯកឧត្តមបន្តថា បន្ទាត់នៃភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បើប្រៀបធៀបនឹងឆ្នាំ១៩៧៩ គឺសេដ្ឋកិច្ចរបស់ប្រទេសយើង ក្រោមសូន្យ ខ្វះខាតសព្វគ្រប់។ ប៉ុន្តែសព្វថ្ងៃនេះលទ្ធផលនៃការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ ជារដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ហើយបានទទួលការគាំទ្រនៅក្នុងការបង្កើតរាជរដ្ឋាភិបាល បានធ្វើការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ។

ឯកឧត្តម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវចូលរួមការពារសុខសន្តិភាពដែលមានសព្វឱ្យនៅគង់វង្យយូរអង្វែង និងត្រូវចូលរួមគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ត្រូវយកចិត្តទុកដាក់រក្សាអនាម័យក្នុងការរស់នៅ ដើម្បីការពារពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ ៕