ក្រសួងអប់រំ៖ ដំណើរការប្រឡងឌីប្លូមទូទាំងប្រទេស នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ កំពុងប្រព្រឹត្តិទៅដោយរលូនល្អ


ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មានថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កំពុងប្រព្រឹត្តិទៅដោយរលូនល្អ។

ឯកឧត្តមអ្នកនាំពាក្យរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ដំណើរការប្រឡងឌីប្លូមនាព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០២០ កំពុងប្រព្រឹត្តិទៅដោយរលូន តាមការគ្រោងទុកតាមគ្រឹះស្ថានសិក្សា នៅទូទាំង២៥ខេត្ត-រាជធានី។ ជារួម ក្រសួងអប់រំ យុវជន និងកីឡាយល់ឃើញថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តវិធានការសុវត្ថិភាពសុខភាពខ្ជាប់ខ្ជាន់, មេប្រយោគកំពុងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគ្មានហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ»

សូមជម្រាបថា ការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ ប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។ ការប្រឡងឌីប្លូម នៅថ្ងៃនេះ មានសាលារដ្ឋទាំងអស់ទូទាំងប្រទេស និងសាលាឯកជនមួយចំនួន ហើយសាលាឯកជនមួយចំនួនទៀត បានប្រឡងកាលពីសម័យប្រឡង ០៣ សីហា ២០២០រួចហើយ៕