ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ប្ដេជ្ញាដណ្ដើមមេដាយ SEA Games 2023 ឲ្យបាន ១៥គ្រឿង តែបើមិនបានមេដាយមាសច្រើន នឹងលាឈប់ពីតំណែង


ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានដាក់គោលដៅដណ្ដើមមេដាយឲ្យបានយ៉ាងហោច ១៥គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ (SEA Games 2023) នៅកម្ពុជា តែបើមិនបានមេដាយមាសច្រើនទេ ឯកឧត្តមនឹងលាឈប់ពីតំណែងភ្លាម។ មិនតែប៉ុណ្ណោះ ឯកឧត្តមបានស្នើគណៈកម្មាធិការជាតិរៀបចំការប្រកួត SEA Games 2023 (CAMSOC) ក្នុងការដាក់កីឡាតេក្វាន់ដូ ITF ធ្វើការប្រកួតមុនគេទៀតផង។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅវិមានពហុកីឡដ្ឋានជាតិនាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់រយៈពេល ៣ថ្ងៃ គ្រាដែលលទ្ធផលការប្រកួត ក្រសួងមហាផ្ទៃ ឈរលេខ១ ឈ្នះមេដាយមាស១០ ប្រាក់២ និងសំរឹទ្ធ២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយមាស៥ ប្រាក់២ និងសំរឹទ្ធ២ និងខេត្តកំពង់ស្ពឺ ឈរលេខ៣ ឈ្នះមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៣។

ឯកឧត្តម កែវ រ៉េមី បានសង្កត់ធ្ងន់ថា «ក្នុងនាមជាប្រធាន ខ្ញុំធ្លាប់ជម្រាបថ្នាក់ដឹកនាំដែរថា បើសិនជាតេក្វាន់ដូ ITF ប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ មិនបានមេដាយមាសច្រើនទេ និយាយឲ្យច្បាស់ហ្មង ខ្ញុំសូមលាឈប់ហ្មង ឈប់ធ្វើប្រធាន ហើយទុកឲ្យថ្នាក់ដឹកនាំក្រោយគេធ្វើប្រធាន។ អញ្ចឹងសូមបងប្អូន ក្មួយៗ ខំឲ្យមែនទែន ហើយមានតែប៉ុណ្ណឹងទេ ដែលជាមោទនភាព ហើយប្លែកសម្រាប់ ITF យើង ដែលសង្ឃឹមថា នឹងទទួលបានជ័យជម្នះនាំមុខមាត់សម្រាប់ជូនជាតិមាតុភូមិ»

ឯកឧត្តមបន្ដថា «ខ្ញុំបានស្នើសុំគាត់(អគ្គនាយកដ្ឋានកីឡា) និង CAMSOC ពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដាក់តេក្វាន់ដូ ITF មុនគេ ដើម្បីនាំមុខហ្មង! ការណាយកបានមេដាយមាសបានមុនគេហើយ កីឡាផ្សេងៗ ទៀត គាត់នឹងខំប្រឹងឡើង គឺថាល្អមែនទែន។ តែបើនាំមុខចាញ់ អាហ្នឹងអត់ស្រួលទេ អ្នកតាមផ្សេងទៀត វារៀងដូចល្វើយៗ តែបើអាមួយទៅមុនដំបូង ហ៊ោរទះដៃបានមេដាយមាសហើយ អាផ្សេងទៀត ដូចហែលទឹកជាដើម ដឹងតែហែលដាច់ជើងចោលហើយ….»

ឯកឧត្តមថា «យើងហ៊ានដល់ស្នើឲ្យប្រទេសម៉ាឡេស៊ី ធ្វើជាប្រធានអាជ្ញាកណ្ដាល-ចៅក្រមទៀត មិនមែនយើងទៀត ដើម្បីឲ្យ Fair និងយុត្តិធម៌ ហើយជឿខ្ញុំទៅ យើងដឹងតែយកបានហើយ ប៉ុន្ដែគ្រាន់តែថា ១៥មេដាយ ដែលយើងត្រូវខិតខំយកឲ្យបាន១៥ តែរឿងមេដាយមាសគ្មាន២ ឬ ៣ ទេ មានតែច្រើនជាងហ្នឹង ក៏ប៉ុន្ដែយើងត្រូវយកឲ្យលើស១៥ ហ្នឹងទៀត។ អញ្ចឹងបានថា ត្រូវខំណាស់ និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការដណ្ដើមេដាយឲ្យបាន ១៥»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម កែវ រ៉េមី៕