សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នាំគ្នាធ្វើតេស្ត និងធ្វើចត្តាឡីស័ក ប្រសើរជាងគិតថាខ្លួនមិនមានជំងឺកូវីដ១៩


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ នៃព្រឹត្តិការណ៍ឆ្លងចូលសហគមន៍២៨វិច្ឆិកា ឱ្យនាំគ្នាទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានគ្រប់ៗគ្នា ចៀសវាងគិតថា ខ្លួនឯងមិនមានមេរោគកូវីដ១៩ ហើយចម្លងដល់អ្នកដទៃ។

ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅខេត្តសៀមរាប ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង៣៨ខ្សែ ក្នុងដែនដីអង្គរមួយនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះនឹងមានការយកសំណាកប្រមាណជាង២ពាន់ករណីថែមទៀត ដែលក្នុងនោះនៅផ្សារទំនើបអ៉ីអន១ប្រមាណ១ពាន់ ព្រមទាំងនៅក្រសួងមហាផ្ទៃ ទីតាំអមួយចំនួនទៀត។ សម្តេចបញ្ជាក់ថា៖ «ចំណុចទី១ យើងត្រូវធ្វើក្នុងល្បឿនមួយលឿន និងក្នុងទ្រង់ទ្រាយធំ ដែលនេះយើងបានធ្វើរួចមកហើយ និងបន្តធ្វើនៅថ្ងៃនេះ ហើយបន្តធ្វើតទៅទៀត ត្រូវយកនូវទ្រឹស្តីថា គិតថាការមាន ប្រសើរជាងគិតថាមិនមាន»។

ត្រង់ចំណុចនេះ សម្តេចបានអំពាវនាវថា៖ «ខ្ញុំសូមអំពាវនាវដោយទទូច ត្រូវធ្វើចាត់ទុកថា យើងអាចមាន ប្រសើរជាងចាត់ទុកថាប្រហែលជាគ្មាន យើងសុខចិត្តដាក់ខ្លួន ឱ្យនៅដាច់ដោយឡែក ហើយសុខ ចិត្តហ៊ានទៅធ្វើតេស្ត សុំពេទ្យធ្វើតេស្តតែម្តង ដើម្បីឱ្យច្បាស់ថា តើយើងមានឬអត់? ហើយត្រូវដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ប្រសើរជាងយើងមានជំងឺ ហើយចម្លងទៅដល់អ្នកដទៃទៀត»។

«ព្រឹត្តិការណ៍ឆ្លងចូលសហគមន៍២៨វិច្ឆិកា» បានកើតឡើងបន្ទាប់ពីកម្ពុជា បានរកឃើញករណីឆ្លងកូវីដ១៩ លើខ្លួនស្រ្តីម្នាក់ដែលជាភរិយារបស់ អគ្គនាយកពន្ធនាគារ ដែលរូបគាត់ពុំអាចដឹងថា បានឆ្លងកូវីដ១៩ ពីនរណានោះឡើយ។ ករណីនេះ បានរាលដាលកាន់តែធំ ដែលរហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញមនុស្សសរុប១៤នាក់ហើយ មានជំងឺកូវីដ១៩ ក្នុងចំណោមអ្នកពាក់ព័ន្ធនឹង អគ្គនាយកពន្ធនាគារ និងភរិយារបស់គាត់រាប់ពាន់នាក់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏កំពុងតែប្រមូលអ្នកពាក់ព័ន្ធផ្សេងៗទៀត រួមទាំងប្រជាពលរដ្ឋខ្មែរដែលសង្ស័យថា មានមេរោគកូវីដ១៩ ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានហៅករណីឆ្លងសហគមន៍ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា គឺជាករណីបាត់ដាន ដែលករណីនេះជាករណីមហ ន្តរាយមួយសម្រាប់ប្រទេសកម្ពុជា បើទប់ស្កាត់ទាន់ពេលវេលា។ សម្តេចបានបន្ថែមថា យើងអាចគ្រប់គ្រងបាន ឬមិនបាន ស្ថិតនៅលើរយៈពេល ១៥ថ្ងៃខាងមុខនេះ ហើយរយៈពេល១៥ថ្ងៃខាងមុខនេះ វាចំណុះទាំងស្រុងលើការខិតខំរបស់រដ្ឋ និងប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យគ្រប់រាជធានីខេត្ត រៀបចំមណ្ឌលចត្តាឡីស័ក ដែលសម្តេចបានឱ្យរៀបចំតាំងពីដើមឆ្នាំ នៅគ្រប់ខេត្តទាំងអស់ ដើម្បីត្រៀមធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលគ្មានលទ្ធភាពធ្វើចត្តាឡីស័កនៅតាមផ្ទះ ហើយទីកន្លែងដែលធ្វើចត្តាឡីស័កនោះ ក៏ផ្តល់ឱកាសឱ្យគ្រូពេទ្យយកសំណាកមកធ្វើតេស្តផងដែរ។ បច្ចុប្បន្នកម្ពុជាមានកន្លែងធ្វើតេស្ត នៅខេត្តសៀមរាប ១កន្លែង និងនៅភ្នំពេញ២កន្លែង ហើយកំពុងដំឡើងនៅខេត្តព្រះសីហនុ១កន្លែង និងបាត់ដំបង១កន្លែង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លទ្ធភាពរបស់កម្ពុជាមានកម្រិត មិនអាចរៀបចំឱ្យមានកន្លែងធ្វើតេស្តគ្រប់រាជធានី-ខេត្តបានទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលវេលានេះ មិនមែនជាពេលវេលាដែលត្រូវស្តីបន្ទោស ឬទម្លាក់កំហុសឱ្យគ្នានោះទេ។ សម្តេចបានរិះគន់វិទ្យុបរទេសដែលតែងតែប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានរិះគន់ដល់អាជ្ញាធរកម្ពុជាថា មិនបានចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩៕