សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកាត់បន្ថយការប្រមូលផ្តុំ និងចេញក្រៅផ្ទះ ដើម្បីការពារកូវីដ១៩


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវដល់ជនរួមជាតិទាំងអស់ ឱ្យកាត់បន្ថយការជួបជុំ ប្រមូលផ្តុំ និងចេញក្រៅផ្ទះ ដើម្បីចូលរួមការពារជំងឺកូវីដ១៩ ដែលកំពុងឆ្លងដល់សហគមន៍កម្ពុជា ជាលើកដំបូងនាពេលនេះ។

ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅខេត្តសៀមរាប ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង៣៨ខ្សែ ក្នុងដែនដីអង្គរមួយនេះ។

ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំនឿចិត្តថា ខ្មែរនឹងអាចជម្នះនូវឧបសគ្គលើកនេះបាន ឱ្យតែខ្មែរព្យាយាមជម្នះនូវការលំបាកទាំងនេះហើយស្រុះស្រួលគ្នា និងសហការគ្នា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋ ចូលរួមដោយស្ម័គ្រចិត្តយកសំណាកទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កដោយខ្លួនឯង សូមពាក់ម៉ាស និងលាងដៃ សូមកុំចេញក្រៅផ្ទះ នៅពេលមិនចាំបាច់ បងប្អូនដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវធ្វើឱ្យបានត្រឹមត្រូវគ្រប់ ១៤ថ្ងៃ និងសូមឱ្យមូលដ្ឋានតាមដាន និងជួយផ្គត់ផ្គង់ស្បៀងអាហារចំពោះក្រុមគ្រួសារក្រីក្រ»។

ប្រទេសកម្ពុជាបានរកឃើញនូវករណីកូវីដ១៩ ឆ្លងក្នុងសហគមន៍លើកដំបូង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ករណីឆ្លងដល់សហគមន៍នេះ ត្រូវបានរកឃើញនៅលើខ្លួនស្រ្តីម្នាក់ជាប្រពន្ធរបស់អគ្គនាយកពន្ធនាគារ ដែលរូបគាត់ពុំអាចដឹងថា បានឆ្លងកូវីដ១៩ ពីនរណានោះឡើយ។ ករណីនេះ បានរាលដាលកាន់តែធំ ដែលរហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញមនុស្សសរុប១៤នាក់ហើយ មានជំងឺកូវីដ១៩ ក្នុងចំណោមអ្នកពាក់ព័ន្ធនឹង អគ្គនាយកពន្ធនាគារ និងភរិយារបស់គាត់ រាប់ពាន់នាក់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏កំពុងតែប្រមូលអ្នកពាក់ព័ន្ធផ្សេងៗទៀត រួមទាំងប្រជាពលរដ្ឋខ្មែរដែលសង្ស័យថា មានមេរោគកូវីដ១៩ ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជុំវិញបញ្ហានេះថា៖ ប្រសិនបើប្រជាពលរដ្ឋណាម្នាក់មានការសង្ស័យថាខ្លួនមានមេរោគកូវីដ១៩ សូមទៅកាន់មន្ទីរពេទ្យដើម្បីឱ្យពេទ្យពិនិត្យ និងយកសំណាកទៅធ្វើតេស្ត។ សម្តេចបានបញ្ជាក់ទៀតថា៖ «ក្នុងករណីមិនទុកចិត្តខ្លួនឯង សូមកុំប៉ះពាល់ប្រពន្ធកូនហើយនៅដាច់ដោយឡែក អ្នកដែលគ្មានផ្ទះដើម្បីធ្វើចត្តាឡីស័ក ដាច់ដោយឡែកបាន សូមមករស់នៅក្នុងមណ្ឌលចត្តាឡីស័កដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ដោយមានការត្រួតពិនិត្យពីវិស័យសុខាភិបាល ប៉ុន្តែក្រុមគ្រួសារខ្លះក្រីក្រ ដូច្នេះបានជាខ្ញុំស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយផ្គត់ផ្គង់ស្បៀងអាហារប្រាក់កាក ទៅដល់អ្នកដែលធ្វើចត្តាឡីស័កនេះតែម្តង»។

សម្តេចបានបន្តថា ពេលខ្លះអាចអ្នកដែលធ្វើចត្តាឡីស័ក គឺជាអ្នករកប្រាក់ចិញ្ចឹមគ្រួសារ ដូច្នេះបានជាយើងត្រូវយកចិត្តទុកដាក់តាមមើលហើយផ្គត់ផ្គង់គ្រួសាររបស់គាត់។ សម្តេចបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំគិតថា ១ម៉ឺន ទៅ២ម៉ឺនរៀលក្នុងមួយថ្ងៃ មិនច្រើនទេសម្រាប់ពួកគាត់ តែវាច្រើនសម្រាប់រដ្ឋ ប៉ុន្តែរដ្ឋអាចរ៉ាប់រងបាន»។ ដោយឡែកសម្រាប់អ្នកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលដែលរដ្ឋាភិបាលបានរៀបចំ ក៏ត្រូវផ្គត់ផ្គង់ការហូបចុក និងការស្នាក់នៅផងដែរ។

បើតាមសម្តេចតេជោ, ថវិកាសប្បុរសជនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មានមួយផ្នែកដឹកនាំដោយ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលមានទំហំទឹកប្រាក់ជិត២០លានដុល្លារ ដែលយើងចាយមកដល់ពេលនេះ មានជាង១២លានដុល្លារ ដោយការបញ្ជាទិញសម្ភារៈផ្សេងៗទៀត បន្ទាប់ពីផ្តល់ជំនួយដល់ឡាវ មីយ៉ាន់ម៉ា និងកំពុងត្រៀមផ្តល់ជំនួយដល់ប្រទេសទីម័រលេស្ត។ ចំណែកថវិកាជាង១០លានដុល្លារទៀត មកពីប្រភពនៃការទទួលបៀវត្សពីមន្រ្តីរាជការ និងកម្លាំងប្រដាប់អាវុធ ដែលមានទំហំទឹកប្រាក់ជាង៤២ពាន់លានរៀល និងបានធ្លាក់ចូលធនាគារប្រមាណ ៣៧ពាន់លានរៀលហើយ។

សម្តេចបានថ្លែងថា ករណីនេះប្រហែលជាមានតែនៅកម្ពុជាប៉ុណ្ណោះ ដែលពលរដ្ឋធ្វើចត្តាឡីស័កហើយ មានប្រាក់ឧបត្ថម្ភដល់ផ្ទះ ឬអាចថា ផ្តល់អំណោយមួយចំនួន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕