អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចក្តាឡីស័ករយ:ពេល១៤ថ្ងៃ


ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចក្តាឡីស័ករយ:ពេល១៤ថ្ងៃដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គ ភាពពាក់ព័ន្ធ និងវិស័យឯកជននៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

​ឯកឧត្តម គួច ចំរើន មានប្រសាសន៍ណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ និងវិស័យឯកជនត្រូវចូលរួមធ្វើការងារជាក្រុម ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដោយអនុវត្តន៍ចាប់ពីថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសចូលមកកម្ពុជា ត្រូវធ្វើចក្តាឡីស័ករយ:ពេល ១៤ថ្ងៃជាមុនសិន ។ ម្យ៉ាងទៀតយើងក៏ត្រូវរកទីតាំងសណ្ឋាគារ ឬផ្ទះសំណាក់ ណាដែលមានបន្ទប់ច្រើន ដើម្បីត្រៀមទទួលភ្ញៀវស្នាក់នៅក្នុងខេត្តរបស់យើង ដើម្បីត្រៀមធានាការគ្រប់គ្រងទប់ស្កាត់ការរីករាលដាលការឆ្លងវីរុសកូវីដ- ១៩ ក្នុងសហគមន៍របស់យើង ហើយវិធានការដែលល្អ គឺការការពារទុកជាមុនទើបល្អប្រសើរ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់ប្រធានមន្ត្រីសុខាភិបាលខេត្តព្រះសីហនុ ត្រូវត្រៀមរៀបចំបង្កើនក្រុមគ្រូពេទ្យយកសំណាកភ្ញៀវទេសចរ ចូលតាមព្រលានយន្តហោះអន្តរ ជាតិខេត្តព្រះសីហនុ បានទាន់ពេលវេលា ទន្ទឹមនោះក៏ត្រូវត្រៀមកម្លាំងការពាររបស់យើងបន្ថែម ដើម្បីធានាដល់ការងារគ្រប់គ្រងធ្វើចក្តាឡីស័ករយ:ពេល ១៤ថ្ងៃជាមុនសិន។ ដូច្នេះយើងត្រូវរួមសហការគ្នាធ្វើការងារជាក្រុម ដោយការទទួលខុសត្រូវទាំងអស់គ្នា ឆ្លើយតបបានទាន់ពេលវេលាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ។ ទន្ទឹមនោះយើងក៏ត្រូវគិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ ព្រោះវាជារឿងសំខាន់ចាំបាច់សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស មានសុខភាពល្អ ។ ត្រូវបន្តខិតខំអនុវត្តន៍ការងាររបស់យើងបន្ថែមទៀតប្រកបដោយគុណភាព និងតម្លារភាពជូនភ្ញៀវទេសចរបរទេស  ។

សូមបញ្ជាក់ថា សណ្ឋាគារដែលអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុរៀបចំទទួលភ្ញៀវទេសចរស្នាក់នៅធ្វើចក្តាឡីស័ក មានចំនួន ០៣ទីតាំង គឺ សណ្ឋាគារ ឃ្វីងកូរ, សណ្ឋាគារសុខា,និងផ្ទះសំណាក់ Whit Dragon ៕