ក្រុមប្រឹក្សាខេត្តរតនគិរី រៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នៅក្រុងបានលុង


រតនគិរី ៖ នៅថ្ងៃ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តរតនគិរី បានរៀបចំវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ខ្លួនដែលធ្វើឡើងនៅក្នុងក្រុងបានលុង ខេត្តរតនគិរី ក្រោមអធិបតី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានអ្នកពាក់ព័ន្ធចូលរួមជាច្រើនរូប ។

ក្នុងឱកាសនោះ ឯកឧត្តម ណាប់ ប៊ុន ហេង បានជំរុញឱ្យអង្គភាពជំនាញពាក់ព័ន្ធឆ្លើយតប និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋទៅតាមការលើកឡើងក្នុងវេទិកានេះ។ ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងត្រូវតែពន្លឿនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះដូចជា ផ្តល់សេវាសាធារណៈ, ការធ្វើអត្តសញ្ញាណប័ណ្ណ, ការងារអត្រានុកូលដ្ឋាន, ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងទំនាស់ដីធ្លីឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋក្នុងមូល   ដ្ឋានឱ្យបានលឿន និង ប្រកបដោយតម្លាភាព។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បន្តថា វេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តដែលបានធ្វើឡើងនាពេលនេះ គឺក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋស្តាប់នូវរបាយការណ៍ស្តីពីសមិទ្ធផលដែលអាជ្ញាធរខេត្តសម្រេចបាន និងផែនការសកម្មភាពសម្រាប់អនុវត្តន៍នៅឆ្នាំបន្តបន្ទាប់ទៀត របស់រដ្ឋបាលខេត្ត ផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធនឹង ក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋានដើម្បីឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការដោះស្រាយ និងឆ្លើយតបរាល់តម្រូវការទាំងនោះ ៕