មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះត្រួតពិនិត្យការស្តារប្រឡាយទឹកស្រុកឆ្លូង ខេត្តក្រចេះ


ភ្នំពេញ៖ តាមប្រភពព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា នៅថ្ងៃ១៥កើត ខែ មិគសិរឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឆាន់ សាផាន់ រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានមុខព្រួញការងាររដ្ឋាភិបាលថ្នាក់ជាតិ ប្រចាំស្រុកឆ្លូង និងឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះនិងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត មកពីខេត្តត្បូងឃ្មុំ និងខេត្តក្រចេះបានអញ្ជើញចុះពិនិត្យវាយតម្លៃបញ្ចប់ការ ងារអន្តរាគមន៍ ការស្តារប្រឡាយពង្វាងទឹក និងស្តារផ្លូវទឹកគោករាក់ និងទីតាំងឧបសគ្គចរន្តទឹក ។

ការកាយស្តារប្រឡាយនេះបានប្រើអស់រយៈពេលអស់១សប្តាហ៍ដើម្បីរំដោះទឹកលិចពីទីតាំងសម្រាប់បង្កបង្កើនផលស្រូវប្រាំងចំនួន១.០៨០ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ឃុំពង្រ និងឃុំខ្សាច់អណ្តែក ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការពិភាក្សា និង ដើរពិនិត្យទីតាំងជាក់ស្តែងហើយបានសម្រេចឯកភាពជាគោលការណ៍ និងលទ្ធផលមានដូចខាងក្រោម ៖

១-ស្តារបើកផ្លូវទឹក លើទីតាំងគោករាក់ និងទីតាំងឧបសគ្គចរន្តទឹកក្នុងស្ទឹងព្រែកជីកភ្ជាប់ពីទីតាំងលិចទម្លាក់ចូលក្នុងព្រែកតាកុច បន្តហូរធ្លាក់ចូលទន្លេមេគង្គបានប្រវែង ៥គីឡូ ម៉ែត្រ ។

២-ជីកកាយប្រឡាយដោះទឹកថ្មី១កន្លែង ពីបឹង ជីឡែង មកទម្លាក់បញ្ចូលក្នុងបឹងជ្រៃ បន្តហូរមកទន្លេមេគង្គ បានប្រវែង ៦០០ម៉ែត្រ ។គ្រឿងចក្រ ប្រើប្រាស់សរុបមាន Excavator ដៃវែងចំនួន ០៣គ្រឿង និងដៃខ្លីចំនួន ០២គ្រឿង។

៣- មន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ នឹងបន្តដឹកនាំប្រជាពលរដ្ឋបារ និងប្រមូលកំប្លោក ដោយប្រើប្រាស់ទូកបន្ត ២ទៅ៣ថ្ងៃបន្ថែមទៀត។

៤-អំពីស្ថានភាពផ្លូវទឹកនៅក្នុងស្ទឹងព្រែកជីក និង ក្នុងប្រឡាយពង្វាងទឹកក្រោយពីគ្រឿងចក្របានដំណើរការកាយស្តាររួចមកពិនិត្យឃើញថាជាលទ្ធផលល្បឿនទឹកហូរខ្លាំងជាងមុនជំរុញឱ្យទឹកនៅផ្នែកខាងលើចាប់ផ្តើមស្រកចុះមានកម្រិតច្រើនរំដោះបានទីតាំងសម្រាប់បង្កបង្កើនផលជាបណ្តើរៗ។

៥-ចំពោះស្ថានភាពផ្ទៃដីបង្កបង្កើនផលស្រែប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំខ្សាច់អណ្តែត និង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ដែលបានលិចកន្លងមក បច្ចុប្បន្ននេះបានភ្ជួររាស់សាបព្រោះបានចំនួនជាង ៤០ភាគរយហើយ នៃផ្ទៃដីចំនួន ១.០៨០ហិកតា ទឹកចាប់ផ្តើមស្រកចុះកាន់តែខ្លាំង និងការងារបង្កបង្កើនផលកាន់តែមានល្បឿនលឿនទៅមុខមិនមានជាចំណោទបញ្ហាអ្វីទៀតទេ ។

បន្ទាប់ពីការពិនិត្យ និងវាយតម្លៃរបស់ក្រុមការងារ នៅលើទីតាំងអន្តរាគមន៍កាយស្តារ បើកផ្លូវទឹក មកដល់ពេលនេះបានអនុវត្តន៍គ្រប់ទីកន្លែងអស់ហើយមិនមានទីតាំងណាបន្តអន្តរាគមន៍ទៀតទេ។ ហេតុនេះគ្រឿងចក្រទាំង ០៥គ្រឿង ត្រូវបញ្ចប់ដំណើរការជាស្ថារពរនិងរក្សាទុកទូកតូចៗ និងកម្លាំងពលកម្មដោយមនុស្សបន្តធ្វើដោយដៃរុញច្រានកំប្លោកវែកផ្លូវទឹកហូរជាបន្ត ៕