ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីទទួលទានអាហារជាមួយបងប្អូនកីឡាករកីឡាការិនី និងគ្រូបង្វឹកជាង ៣,០០០ នាក់ នៅកោះពេជ្រ


ប្រសាសន៍សម្ដេចតេជោ ៖ នៅល្ងាចថ្ងៃទី0៤ ខែមេសា ឆ្នាំ២០១៧ ខ្ញុំសប្បាយរីករាយណាស់ ដែលមានកិត្តិយសបានមកទទួលទានអាហារជាមួយបងប្អូនកីឡាករកីឡាការិនី និងគ្រូបង្វឹកជាង ៣,០០០ នាក់ នៅកោះពេជ្រ។ នេះជាការជួបជុំដ៏ពិសេសបំផុតដែលខ្ញុំសង្ឃឹមថា កម្មវិធីជួបជុំមហាគ្រួសារបែបនេះនឹងធ្វើជារៀងរាល់ឆ្នាំ។
ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋដែលបានគាំទ្រវិស័យកីឡាជាតិ និងសូមអរគុណកីឡាករ កីឡាការិនី ដែលបានខិតខំហ្វឹកហាត់នាំមកនូវជោគជ័យ និងមេដាយជូនជាតិកាន់តែច្រើនឡើងៗ។ ខ្ញុំក៏សូមអរគុណគ្រូបង្វឹកទាំងអស់ដែលបានខិតខំបង្វឹកដល់កីឡាករកីឡាការិនីកម្ពុជាអោយកាន់តែមានសមត្ថភាពខ្ពស់ឡើង។ ឈ្នះចាញ់គឺជារឿងធម្មតា ដូច្នេះសូមកីឡាករទាំងអស់គោរពក្រមនសីលធម៌កីឡាអោយបានល្អ ហើយប្រឹងប្រែងហ្វឹកហាត់អោយកាន់តែខ្លាំងឡើងថែមទៀត ដើម្បីដណ្តើមមេដាយជូនជាតិនៅក្នុងការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខ។
ខ្ញុំ និងភរិយាសូមជូនពរបងប្អូនប្រជាពលរដ្ឋ និងកីឡាករកីឡាការិនីទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ៕