ឯកឧត្តម ជា ចាន់តូ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលនៃមជ្ឈមណ្ឌលស៊ាសិន លើកទី៤០ តាមរយៈ Videoconference


(ភ្នំពេញ)៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាទេសាភិបាលនៃមជ្ឈមណ្ឌលស៊ាសិន លើកទី៤០ តាមរយៈ Videoconference។

កិច្ចប្រជុំនេះដឹកនាំដោយអាជ្ញាធររូបិយវត្ថុព្រុយណេ ដែលជាប្រធានថ្មីសម្រាប់អាណត្តិឆ្នាំ២០២១ បន្តពីអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលជាប្រធានសម្រាប់អាណត្តិឆ្នាំ២០២០នេះ និងមានការចូលរួមពីសំណាក់ទេសាភិបាលធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុ ជាសមាជិកមជ្ឈមណ្ឌលស៊ាសិន។

គួររំលឹកថា មជ្ឈមណ្ឌលស៊ាសិន មានសមាជិកសរុបចំនួន១៩ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពមន្ត្រីធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុជាសមាជិកឱ្យស្របតាមការរីកចម្រើន យ៉ាងឆាប់រហ័សនៃវិស័យហិរញ្ញវត្តុ និងធនាគារ។

សម្រាប់កិច្ចប្រជុំលើកទី៤០នេះ អង្គប្រជុំបានពិភាក្សា និងអនុម័តលើកិច្ចការសំខាន់មួយចំនួន រួមមាន៖

១៖ ផែនការសកម្មភាពរបស់ស៊ាសិនសម្រាប់ឆ្នាំ២០២១។
២៖ កញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២១។
៣៖ ការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការគ្រប់គ្រង ជាពិសេសក្នុងស្ថានភាព ដែលតម្រូវឱ្យកម្មវិធីបណ្តុះបណ្តាលភាគច្រើនត្រូវធ្វើឡើង តាមប្រព័ន្ធអនឡាញ។
៤៖ ការបែងចែក និងការផ្តល់សិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្ត។
៥៖ ការជ្រើសរើសដៃគូយុទ្ធសាស្ត្រ របស់មជ្ឈមណ្ឌលស៊ាសិន ជាដើម។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩នេះ មជ្ឈមណ្ឌលស៊ាសិនបាន និងកំពុងប្រែក្លាយកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន ឱ្យស្របទៅតាមស្ថានការណ៍ និងតម្រូវការរបស់សមាជិក តាមរយៈការបង្កើនវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាតាមប្រព័ន្ធអនឡាន ដោយផ្តោតជាសំខាន់ទៅលើ៖ ការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងម៉ាក្រូសេដ្ឋកិច្ចក្នុងពេលមានវិបត្តិ ប្រព័ន្ធទូទាត់ ស្ថិរភាពហិរញ្ញវត្ថុ និងការត្រួតពិនិត្យធនាគារ និងភាពជាអ្នកដឹកនាំ។ល។

កន្លងមកធនាគារជាតិនៃកម្ពុជា បានបញ្ជូនមន្ត្រីបុគ្គលិកឱ្យចូលរួមវគ្គបណ្តុះបណ្តាល ការស្រាវជ្រាវ និងកិច្ចប្រជុំនានារបស់មជ្ឈមណ្ឌលស៊ាសិន ដើម្បីពង្រឹងគុណភាពជំនាញ និងឯកទេសកម្មរបស់មន្ត្រីបុគ្គលិក។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ ធនាគារជាតិនៃកម្ពុជាក៏បានចាត់មន្ត្រីបុគ្គលិក ឱ្យចូលរួមវគ្គសិក្ខាសាលាតាមប្រព័ន្ធអនឡាញចំនួន ៨៤រូប៕