របាយការណ៍ស្រាវជ្រាវ៖ វារីអគ្គីសនីសេសានក្រោម២ បានរួមចំណែកខ្ពស់ក្នុងរក្សាស្ថេរភាពថាមពល និងរុញកំណើនសេដ្ឋកិច្ចកម្ពុជា


របាយការណ៍ថ្មីមួយដែលសិក្សាស្រាវជ្រាវដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគ របស់វិនិយោគិនចិន លើការបង្កើតវារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ដោយបានបង្កើតនូវស្ថេរភាពថាមពល និងរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

វិទ្យាស្ថានចក្ខុវិស័យអាស៊ី នៅពេលថ្មីៗនេះ បានធ្វើការសិក្សាស្រាវជ្រាវមួយទៅលើស្ថានភាពវិនិយោគរបស់វិនិយោគិនចិន នៅកម្ពុជា ក្រោមប្រធានបទ «ពង្រឹងថាមពលនៅកន្លែងអ្នក (Energize where you are)»។ ការសិក្សាស្រាវជ្រាវនេះ បានធ្វើឡើងរយៈពេល៦ខែ ដោយសិក្សាទៅលើក្រុមហ៊ុនធំៗរបស់ចិនចំនួន៦ ក្នុងនោះរួមមានក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ ដែលមានក្រុមហ៊ុន Huaneng group ជាភាគហ៊ុនធំផងដែរ។

របាយការណ៍នៃការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។
របាយការណ៍ដែលសិក្សាស្រាវជ្រាវដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី ចែកចេញជា ៤ផ្នែក គឺសេចក្ដីផ្ដើម វិធីសាស្រ្តស្រាវជ្រាវលទ្ធផល និងសហគ្រាសចិន និងសហគ្រាសវិនិយោគរួមដោយចិន និងខ្មែរ នៅប្រទេសកម្ពុជា។

ក្នុងចំណោមនោះ ពួកគេបានសិក្សាសំខាន់មួយលើការអនុវត្តទៅលើគម្រោងទំនប់វារីអគ្គីសនីសេសានក្រោម២ តាមរយៈការចុះទៅដល់ទីតាំងតាំងទីលំនៅថ្មី នៅជុំវិញតំបន់អាងស្តុកទឹកស្ថានីយ៍វារីអគ្គិសនីសេសានទី២ ការស្ទង់មតិតាមសំណួរ និងការសន្ទនាជាដើម ដើម្បីប្រៀបធៀបកម្រិតប្រាក់ចំណូលរបស់អ្នករស់នៅក្នុងតំបន់តាំងទីលំនៅថ្មីមុន និងក្រោយការផ្លាស់ប្តូរទីលំនៅ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ សុខភាព ការអប់រំ ដើម្បីធ្វើការសន្និដ្ឋាន។

លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានឱ្យដឹងថា របាយការណ៍សិក្សាស្រាវជ្រាវបានរកឃើញថា សហគ្រាសចិន ជាពិសេសសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋរបស់ចិន ដែលបានវិនិយោគនៅប្រទេសកម្ពុជា បានគោរពច្បាប់បានល្អ មានប្រតិបតិ្តល្អប្រសើរ ធ្វើសមាហរណកម្មទៅក្នុងសង្គមប្រទេសកម្ពុជា បានល្អ និងធ្វើសកម្មភាពយ៉ាងសកម្មចំពោះការងារទំនួលខុសត្រូវសង្គម។

ដោយឡែកលោកបណ្ឌិត កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា ការស្រាវជ្រាវបានរកឃើញថា ក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ មានយន្តការច្បាស់លាស់ ក្នុងការដោះស្រាយជម្លោះជាមួយប្រជាជន ដោយភាគច្រើនផ្ដល់សិទ្ធអំណាចក្នុងការសិក្សា ក្នុងការវាយតម្លៃផលប៉ះពាល់បរិស្ថាន ទៅតាមក្រសួងបរិស្ថាន។ ពោលជម្លោះភាគច្រើនបានដោះស្រាយចរចាគ្នាបានច្រើនពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ចំណែកប្រជាពលរដ្ឋមានការយល់ស្របចំពោះសំណង និងពេញចិត្តចំពោះដំណោះស្រាយដែលក្រុមហ៊ុនផ្ដល់ជូន។

លោក កែវ ពិសិដ្ឋ បានសង្គត់ធ្ងន់ផងដែរថា បើក្រឡេកទៅមើលពីប្រយោជន៍ធំវិញ ការសាងសង់ទំនប់វារីអគ្គិសនី ពិតជាបានចូលរួមជាប្រយោជន៍ដល់សង្គមជាតិទាំងមូល ដោយការរក្សាបាននូវស្ថេរភាពថាមពល និងបំពេញតម្រូវការជាចាំបាច់នូវថាមពលអគ្គិសនី សម្រាប់បំពេញតម្រូវការផ្សេងៗ ព្រមទាំងដំណើរការឧស្សាហកម្មផងដែរ។

តាមរបាយការណ៍ដែលបានសិក្សាស្រាវជ្រាវនេះ បានបង្ហាញថា គម្រោងទំនប់វារីអគ្គីសនីសេសានក្រោម២ ក្នុងពេលដែលកំពុងខិតខំប្រឹងប្រែង ដើម្បីផ្តល់ថាមពលស្អាតប្រកបដោយសុវត្ថិភាព និងអាចជឿទុកចិត្តបាននោះ ក៏បានការកែលម្អការផ្លាសប្តូរអាកាសធាតុ ជំរុញការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាជន។ល។ និងបានបំពេញទំនួលខុសត្រូវសង្គមយ៉ាងសកម្ម។

របាយការណ៍បានបង្ហាញថា ក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ បានគោរពតាមច្បាប់ និងបទប្បញ្ញត្តិក្នុងប្រទេសកម្ពុជា ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងប្រជាជនក្នុងតំបន់ដោះស្រាយបញ្ហាប្រជាជនដែលបានផ្លាស់ទីលំនៅ និងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីការពារបរិស្ថាន និងវប្បធម៌ដោយរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ទំនប់វារីអគ្គីសនីសេសានក្រោម២ ស្ថិតនៅទន្លេសេសានតំបន់ព្រៃភ្នំខេត្តស្ទឹងត្រែង ដែលវិនិយោគដោយក្រុមហ៊ុន China Huaneng Group និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនោះក្រុមហ៊ុន China Huaneng Groupជាម្ចាស់ភាគហ៊ុនធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាម្ចាស់ភាគហ៊ុនធំទីពីរ។

ទំនប់វារីអគ្គិសនីមានប្រវែង ៦៥០០ម៉ែត្រគឺជា «ទំនប់ដែលវែងជាងគេនៅទ្វីបអាស៊ី» ដែលមានថាមពលសរុប ៤០០,០០០គីឡូវ៉ាត់។ បច្ចុប្បន្ននេះមានចំនួន ២០% នៃសមត្ថភាពបង្កើតអគ្គីសនីសរុបរបស់ប្រទេសកម្ពុជា ហើយការបង្កើតថាមពលប្រចាំឆ្នាំគឺមានប្រមាណ ២ពាន់លានគីឡូវ៉ាត់ម៉ោង ដែលផ្តល់ការផ្គត់ផ្គង់ថាមពលស្អាតមានស្ថេរភាពដល់បណ្តាញជាតិកម្ពុជា។ ហេតុដូចនេះហើយបានកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើថាមពលអគ្គីសនីនាំចូលពីបរទេស ហើយក៏បានកាត់បន្ថយការថ្លៃដើម និងកាត់បន្ថយថ្លៃអគ្គិសនីក្នុងស្រុក ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានចុះពិនិត្យស្ថានីយ៍វារីអគ្គិសនីមួយនេះចំនួន៣ដង និងបានវាយតម្លៃខ្ពស់ចំពោះការស្ថាបនា និងដំណើរការអាជីវកម្មរបស់វារីអគ្គិសនីមួយនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបញ្ចប់ និងការដាក់ឱ្យដំណើរការវារីអគ្គិសនីមួយនេះ បានដោះស្រាយបញ្ហាជាច្រើនក្នុងការលើកស្ទួយការអភិវឌ្ឍនៅកម្ពុជា និងលើកកម្ពស់ថែមទៀតដល់ការអភិវឌ្ឍឧស្សាហកម្ម កសិកម្ម ផលិតកម្ម និងសេវាកម្មទេសចរណ៍របស់ប្រទេសកម្ពុជា និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខថាមពល របស់ប្រទេសកម្ពុជា បានធ្វើឱ្យតម្លៃអគ្គិសនីចុះថោក និងចូលរួមការកាត់បន្ថយភាពក្រីក្រ៕